កំពង់ស្ពឺ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៦នាក់ (ស្រី ៤នាក់) និងជនជាតិខ្មែរ ១នាក់ ដែលមានតួនាទីជាអ្នកបើកបរ និងយាមទីតាំង។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរសព្ទដៃ ៥៩គ្រឿង កុំព្យូទ័រឡេបថប ៧គ្រឿង ឧបករណ៍ថតសំឡេង ៨គ្រឿង ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី ៤អាវ ព្រមទាំងស័ក្តិ និងឡូហ្គោមួយចំនួន និងម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៥៩កញ្ចប់តូច និង ១កញ្ចប់ធំ។ តាមចម្លើយសារភាព ក្រុមជនសង្ស័យបានទទួលស្គាល់ថា ពួកខ្លួនពិតជាបានដំណើរការទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិន ដែលបច្ចុប្បន្នកំពុងគេចខ្លួន។

បច្ចុប្បន្ន អាជ្ញាធរបានបិទសៀលទីតាំងខាងលើ និងផ្ដាច់ចរន្តអគ្គិសនី ព្រមទាំងប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងស្រាវជ្រាវបន្តកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦ ដោយមិនអនុញ្ញាតឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែននោះឡើយ៕

អត្ថបទ៖កណ្តាល

