ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុន សុភីណា ហ្វាម ឯ.ក (Sophyna Farm Co., Ltd) ជាក្រុមហ៊ុនកសិកម្ម ផ្តោតសំខាន់លើការផលិតបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ ដែលមានទីតាំងកសិដ្ឋាននៅស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) លើកិច្ចសហការរយៈពេលវែង ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លិប។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា បានថ្លែងក្នុងពិធីចុះ MoU នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗថា កិច្ចសហការនេះ ពិតជាបានផ្ដល់នូវផលចំណេញទាំងសងខាង ដែលជាការរួមចំណែកគាំទ្រ និងផ្សព្វផ្សាយពីផលិតផលកសិកម្មក្នុងស្រុក ពិសេស Sophyna Farm ដែលទើបដំណើរការ កាលពីឆ្នាំ២០២៥ និងការទទួលបាននូវអាហារូបត្ថម្ភស្ដង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាព ដល់កីឡាករ-កីឡាការិនី និងថ្នាលយុវជនប្រមាណ ២០០នាក់ កំពុងស្ថិតក្រោមដំបូលក្លិប នាពេលបច្ចុប្បន្ន។

កញ្ញាជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ដ្រពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ក្លិប ហើយក្រៅពីការផ្គត់ផ្គង់នូវស៊ុតមាន់ និងបន្លែស្រស់ៗ តែទៅថ្ងៃអនាគត កញ្ញារំពឹង Sophyna Farm នឹងអាចឈានដល់ការផ្គត់ផ្គង់ផ្លែឈើ និងអាហារូបត្ថម្ភសិប្បនិម្មិត ដែលកែច្នៃពីបន្លែ-ផ្លែឈើក្នុងកសិកដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងនាមកីឡាករ-កីឡាការិនីអាជីព ដែលត្រូវការទាំងអាហារូបត្ថម្ភធម្មជាតិ និងអាហារូបត្ថម្ភសិប្បនិម្មិត សម្រាប់ទ្រទ្រង់រាង្គកាយ និងថាមពលផងដែរ។

ទន្ទឹមជាមួយគ្នា លោក សូ សារ៉ុង ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Sophyna Farm បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ បានសហការជាមួយក្លិប វិសាខា ជាក្លិបដ៏មានប្រជាប្រិយភាព ដើម្បីបានរួមចំណែកគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ក្នុងនាមដៃគូផ្គត់ផ្គង់ផលិតផលកសិកម្មធម្មជាតិ ក្រៅពីចង់រួមចំណែក និងធានានូវសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏ចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា មានសុខភាពមាំមួន តាមរយៈការទទួលបាននូវរបបអាហារត្រឹមត្រូវ និងស្ដង់ដារផងដែរ។

លោកបន្ដថា «ក្នុងនាម Sophyna Farm បន្ទាប់ពីការចុះ MoU នេះ ខ្ញុំរំពឹងថា អ្នកគាំទ្របាល់ទាត់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនកូនខ្មែរនេះ ដើម្បីឲ្យក្រុមហ៊ុនខ្មែរ អាចដំណើរការទៅមុខដោយរលូន ផ្ដល់ឱកាសការងារ និងអភិវឌ្ឍន៍ក្នុងសង្គមជាតិ ព្រមទាំងវិស័យកីឡាផង។ ម្យ៉ាងក៏ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ពិសេសស៊ុតមាន់ និងបន្លែ ដែលយើងនឹងព្យាយាមដើរតួនាទីជាអ្នកផ្គត់ចំណីអាហារ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យដល់ប្រជាជនកម្ពុជា»។
គួរដឹងថា នេះគឺជាដៃគូសហការថ្មីមួយទៀតរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ហើយកញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានថ្លែងអំណរគុណដល់ដៃគូសហការ ទាំងចាស់ និងថ្មី ទាំងអស់ ដែលបានផ្ដល់នូវការសហការ និងឧបត្ថម្ភគាំទ្រដល់ក្លិប ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕



