វិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេសថៃកំពុងតែបន្តឡើងកម្ដៅ ដោយមិនទាន់រកឃើញសញ្ញាថានឹងធូរស្រាលទៅវិញនៅឡើយ។ ប៉ុន្តែអ្វីដែរគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការប្រតិកម្មរបស់អ្នកកាន់អំណាច ដែលជំនួសឱ្យការចុះដោះស្រាយបញ្ហាជាក់ស្តែង លោក អនុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែរជាគេចវេស និងផ្ដល់ដំណោះស្រាយដែលហាក់ដូចជានៅឆ្ងាយពីភាពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋ។

តាមកាសែត Khaosod របស់ថៃបានផ្សាយឱ្យដឹងថា ហេតុការណ៍ដំបូងដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នានោះ គឺនៅពេលដែលលោក អនុទីន ត្រូវបានចោទសួរពីករណីប្រជាពលរដ្ឋវាយតប់គ្នាដណ្តើមប្រេងឥន្ធនៈ។ ជំនួសឱ្យការបង្ហាញក្តីបារម្ភ ឬផ្តល់គោលនយោបាយបន្ទាន់ដើម្បីទប់ស្កាត់ស្ថានការណ៍ លោកបានជ្រើសរើសបដិសេធមិនឆ្លើយតប ដោយអះអាងថាមិនទាន់ទទួលបានរបាយការណ៍។ ការប្រតិកម្មបែបនេះ ហាក់ដូចជាការបិទភ្នែកធ្វើមិនឃើញនូវអ្វីដែលកំពុងកើតឡើងនៅចំពោះមុខ ខណៈដែលព័ត៌មានអំពីការខ្វះខាតប្រេងម៉ាស៊ូតនៅតាមខេត្តនានាដែលស្ថានីយប្រេងជាង៧០% អស់ប្រេងម៉ាស៊ូត ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ នាយករដ្ឋមន្ត្រី ២.០ រូបនេះបានបោះសម្ដីឱ្យពលរដ្ឋទិញរថយន្តអគ្គិសនីមកប្រើជាដំណោះស្រាយក្នុងពេលដែលទីផ្សារកំពុងជួបវិបត្តិប្រេង។ មែនទែនទៅ ការប្រើប្រាស់រថយន្តអគ្គិសនីជួយសន្សំសំចៃថ្លៃដើម និងកាត់បន្ថយការបំភាយឧស្ម័នពុល ប៉ុន្តែការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋថៃប្តូរមកប្រើរថយន្តអគ្គិសនីភ្លាមៗនេះ មិនមែនជាចម្លើយសម្រាប់វិបត្តិបន្ទាន់នោះឡើយ។

ជាការឌឺដងឱ្យពលរដ្ឋខ្លួនវិញ នាយកណ្ដុរ អនុទីន បង្ហោះរូបភាពនិងសារនៅលើបណ្ដាញសង្គមថា លោកនឹងបើកបររថយន្តអគ្គិសនីដោយខ្លួនឯងទៅជួបគ្រូពេទ្យ ដែលហាក់ដូចជាការផ្សព្វផ្សាយរូបភាពផ្ទាល់ខ្លួនច្រើនជាងការយល់ដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែប្រទាញប្រទង់ដណ្តើមប្រេងនៅតាមស្ថានីយ។
ការដោះស្រាយវិបត្តិប្រេងឥន្ធនៈ ទាមទារនូវវិធានការជាក់ស្តែង និងឆាប់រហ័ស ជាពិសេសរដ្ឋាភិបាល អនុទីន ត្រូវការត្រួតពិនិត្យបញ្ហាស្តុកទុក ការធានាការចែកចាយឱ្យបានគ្រប់គ្រាន់ និងការបង្ក្រាបអ្នកកេងចំណេញ ជារឿងដែលត្រូវធ្វើជាបន្ទាន់។ ការប្រើវេទិកាសាធារណៈដើម្បីបង្ហាញរថយន្តផ្ទាល់ខ្លួន និងបោះសម្ដីឱ្យប្រជាពលរដ្ឋទិញរថយន្តថ្មី គឺមិនត្រឹមតែមិនអាចជួយដោះស្រាយបញ្ហានោះទេ ថែមទាំងបង្ហាញពីគម្លាតដ៏ធំរវាងអ្នកកាន់អំណាច និងមហាជនថៃដែលកំពុងជួបការលំបាក។
ប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ដោះស្រាយវិបត្តិនេះមែន នោះពួកគេនឹងការចុះទៅដល់កន្លែងកើតហេតុ ការស្តាប់សំឡេងពលរដ្ឋ និងការអនុវត្តគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការបន្ទាន់ គឺជាអ្វីដែលត្រូវធ្វើមុនគេបង្អស់។ តែការគេចវេស និងមិនលើកយកដំណោះស្រាយប្រជាពលរដ្ឋភាគច្រើនមកនិយាយ គឺជាការបង្ហាញពីភាពគ្មានប្រសិទ្ធភាព និងកម្សោយរដ្ឋាភិបាលអាណត្តិថ្មីនេះតែម្ដង៕

