កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។


តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បើកបរដោយឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើដំណើរពីជើងទៅត្បូង លើផ្លូវជាតិលេខ០៦ ហើយបានរ៉េចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកអ្នកថ្មើរជើងចំនួន៥នាក់ ដែលកំពុងដើរទៅវត្ត។


ជនរងគ្រោះទាំង៥នាក់ គឺជាសមាជិកគ្រួសារតែមួយ ដែលមានលោកយាយម្នាក់កំពុងបណ្តើរចៅៗ និងក្មួយៗទៅវត្ត ដោយក្នុងនោះមាន៤នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។


ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.