ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបបុកម៉ូតូ ២គ្រឿងពីក្រោយពេញទំហឹង បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.S.6168 បើកបរក្នុងល្បឿនលឿនពីទិសខាងភ្នំពេញ ឆ្ពោះទៅខេត្តបាត់ដំបង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកម៉ូតូ ២គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាលើគន្លងផ្លូវម៉ូតូយ៉ាងពេញទំហឹង។

គ្រោះថ្នាក់នេះបានបណ្តាលឱ្យមានអ្នករងគ្រោះសរុប ៦នាក់ រួមមាន៖

  • ម៉ូតូទី១ (Honda Dream): ស្លាប់ ២នាក់ (ស្ត្រីម្នាក់អាយុ ៣២ឆ្នាំ និងក្មេងស្រីអាយុ ១០ឆ្នាំ) និងក្មេងប្រុសម្នាក់អាយុ ៧ឆ្នាំ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
  • ម៉ូតូទី២ (Honda Dream): ស្លាប់ទាំង ៣នាក់ (បុរសអាយុ ៥០ឆ្នាំ, ស្ត្រីអាយុ ៤៣ឆ្នាំ និងក្មេងប្រុសអាយុ ៧ឆ្នាំ)។
  • អ្នកបង្កហេតុ៖ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុកដើម្បីតាមចាប់ខ្លួនអ្នកបើកបរបង្កហេតុមកដោះស្រាយតាមច្បាប់។ ចំពោះមធ្យោបាយធ្វើដំណើរ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគបំផុត៕

អត្ថបទ៖តាខ្មៅ

Share.