កណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) កើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៥០នាទី នៅចំណុចភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ សុទ្ធាលីដា ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ឡូញ កាលីន ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅខេត្តកំពង់ឆ្នាំង និងលទ្ធផលតេស្តទឹកនោមបង្ហាញវិជ្ជមានសារធាតុញៀន (+)។

តាមរបាយការណ៍ សកម្មភាពកើតហេតុបានបង្ហាញថា ជនរងគ្រោះបានទុកទូរសព្ទម៉ាក iPhone 11 នៅក្នុងឃ្លុបកង់អាគុយ ខណៈកំពុងចាក់សោទ្វារផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មកឆក់យកទូរសព្ទរួចគេចខ្លួន។ ប្រជាពលរដ្ឋក៏បានដេញតាម និងរាយការណ៍ទៅក្រុមគ្រួសារ និងសមត្ថកិច្ច។

ក្រោយការសហការរវាងប៉ុស្តិ៍នគរបាលវិហារលួង និងប៉ុស្តិ៍លង្វែក សមត្ថកិច្ចបានពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យបានរួមទាំងម៉ូតូមធ្យោបាយប្រព្រឹត្តបទល្មើស និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
ក្នុងការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទយកទៅលក់បានប្រាក់ ៤០ដុល្លារ ដើម្បីយកទៅសងបំណុល។

ជនសង្ស័យក៏បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទម្តងមុន នៅលើផ្លូវជាតិលេខ៥ ទទួលបានទូរសព្ទ iPhone 12 លក់បាន ៥០ដុល្លារ និងបានយកប្រាក់មួយចំនួនទៅប្រើប្រាស់ និងទិញគ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.