នាពេលបច្ចុប្បន្ន ជនឆបោក កំពុងប្រើប្រាស់ល្បិចថ្មីៗ ក្នុងការបោកបញ្ឆោតយកប្រាក់ពីបងប្អូនតាមរយៈកម្មវិធី Telegram ជាពិសេសគឺការប្រើប្រាស់គណនីដែលត្រូវបាន Hack រួចជា ដើម្បីដើរបោកមិត្តភក្តិ ឬសាច់ញាតិរបស់ម្ចាស់គណនីនោះផ្ទាល់តែម្ដង។

ថ្មីៗនេះ ម្ចាស់គណនីមួយឈ្មោះ សៅ សាមិត្ត បានចែករំលែកករណីឆបោកតាមតេឡេក្រាមមួយដែលកើតលើរូបផ្ទាល់ ដោយក្រុមឆបោកបានលួចចូលទៅគណនីតេឡេក្រាមរបស់លោក និងបានស្ដាប់ឮការសន្ទនារបស់លោកនិងប្អូនលើការបាញ់ប្រាក់ ហើយនៅពេលនោះ គេបានប្រើល្បិចលួចប្ដូរ QR Code ដោយប្រញាប់ផង និងមិនបានពិនិត្យឱ្យច្បាស់លាស់ផង ប្អូនរបស់លោក ក៏បានបាញ់ប្រាក់ទៅឱ្យគណនីរបស់ជនឆបោកអស់ចំនួន១០០០ដុល្លារ។ សូមស្ដាប់ការរៀបរាប់ពីសាមីខ្លួនដូចតទៅ៖ (ដាក់វីដេអូដើមចូល)
តើជនឆបោកបានប្រើល្បិចបោកប្រាស់បែបណាខ្លះ?
១-ជនឆបោកប្រើគណនីដែល Hack បាន ផ្ញើសារទៅរកសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធរបស់ម្ចាស់គណនី ដោយប្រាប់ថា «មានអាសន្ន» ឬ «ត្រូវការលុយបង្វិលបន្ទាន់» ហើយឱ្យយើងផ្ញើទៅលេខគណនីធនាគារផ្សេង (ដែលមិនមែនជាឈ្មោះម្ចាស់គណនី)។
២-ពួកគេអាចផ្ញើ Link ក្លែងក្លាយដូចជា ការបោះឆ្នោតគាំទ្រក្មេងៗ, ការឈ្នះរង្វាន់ ឬការចូលរួមក្រុមការងារ ដែលនៅពេលយើងចុចចូល និងវាយលេខកូដ វាគឺជាការផ្ដល់សិទ្ធិឱ្យគេ Hack គណនីយើងភ្លាមៗ។
៣-ពួកគេអាចប្រើរូបភាពមន្ត្រី ឬឡូហ្គោធនាគារ ដើម្បីសួររកលេខកូដសម្ងាត់ ឬសុំផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួន។


បច្ចុប្បន្ន ជនខិលខូចតែងតែប្រើប្រាស់ភាពភ័យខ្លាច និងភាពជឿជាក់របស់បងប្អូនមកធ្វើជាឧបករណ៍ក្នុងការឆបោក។ ដូច្នេះ សូមចងចាំថា រាល់ការផ្ញើសារខ្ចីប្រាក់តាមបណ្ដាញសង្គម មិនត្រូវជឿជាក់ ១០០% នោះទេ ទោះបីជាចេញពីគណនីមនុស្សជិតស្និទ្ធក៏ដោយ។ ការចំណាយពេលត្រឹម ១ នាទីដើម្បីទូរស័ព្ទបញ្ជាក់អត្តសញ្ញាណ គឺជារឿងចាំបាច់បំផុត ព្រោះអាចជួយសន្សំថវិការបស់បងប្អូនមិនឱ្យបាត់បង់ដោយអសារបង់។ សូមចូលរួមចែករំលែកព័ត៌មាននេះ ដើម្បីការពារខ្លួនយើង សាច់ញាតិយើង និងមិត្តភក្តិរបស់យើងទាំងអស់គ្នាពីក្រុមឧក្រិដ្ឋជនឆបោកតាមបច្ចេកវិទ្យា!

