
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ កងទ័ពជើងទឹកកម្ពុជា បានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលសំចតនៃ «នាវាកងទ័ពជើងទឹកកាណាដា HMCS Regina (FFH334)» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចសហប្រតិបត្តិការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងពិធីទទួលស្វាគមន៍ផ្លូវការនេះ ភាគីកម្ពុជាត្រូវបានដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដោយបានធ្វើការស្វាគមន៍យ៉ាងស្និទ្ធស្នាលចំពោះប្រតិភូនាវាកាណាដា ដែលដឹកនាំដោយ លោកវរនាវីទោ Darren Sleen មេបញ្ជាការនាវា HMCS Regina។ តាមការបញ្ជាក់លើលក្ខណៈបច្ចេកទេស នាវាចម្បាំង HMCS Regina (FFH334) មានទម្ងន់ផ្ទុកសរុប ៥,១០០តោន ប្រវែងបណ្តោយ ១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ និងមានជម្រៅទឹក ៧,៥ម៉ែត្រ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកាណាដានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ (កម្ពុជា-កាណាដា) ឱ្យកាន់តែជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត៕
