ឧត្តរមានជ័យ៖ ផ្ទះចំនួន ៣ខ្នង និងអណ្តូងទឹកស្អាតចំនួន ៣អណ្តូង ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣គ្រួសារ រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ផ្ទះ និងអណ្តូងទឹកទាំងនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ព្រះរាជទ្រព្យចំនួន ៣ម៉ឺនដុល្លារអាមេរិក ដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបកំណើតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ចែងសាងសង់ផ្ទះ និងអណ្តូងទឹកសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតបំផុតនៅតំបន់ដាច់ស្រយាល។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ បានប្រគល់ជូនគ្រួសារលោកយាយ យ៉ុង យុត មានអាយុ ៧២ឆ្នាំ , គ្រួសារលោកតា យិត សុខ មានអាយុ៧០ឆ្នាំ និងគ្រួសារលោកតា នូ យិនអាយុ៧២ឆ្នាំ ។ គ្រួសារនីមួយៗទទួលបានផ្ទះថ្ម ១ខ្នង ទំហំ ៦ម៉ែត្រ គុណ ៧ម៉ែត្រ មានបន្ទប់ទឹកក្នុងផ្ទះ ចង្ក្រានបាយ ប្រព័ន្ធសូឡាបំភ្លឺ សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារផ្ទះបាយ និងអណ្តូងស្នប់ ១អណ្តូង ដោយចំណាយថវិកាសរុប ១ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រួសារ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំព្រះរាជសវនីយ៍ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារទទួលផលទាំងអស់ ព្រមទាំងបានណែនាំឱ្យថែរក្សាលំនៅឋាន និងអណ្តូងទឹកទាំងនេះឱ្យបានល្អសម្រាប់ប្រើប្រាស់យូរអង្វែង។

ជាមួយគ្នានេះ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើសុខភាព អនាម័យ និងបរិស្ថានរស់នៅ ព្រមទាំងបង្ការជំងឺមិនឆ្លងនានា ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ តាមរយៈការរស់នៅប្រកបដោយសុខភាពល្អ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងហួសហេតុ។

គួរបញ្ជាក់ថា ព្រះរាជទ្រព្យដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជារៀងរាល់ឆ្នាំ ត្រូវបានយកទៅកសាងសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមតំបន់ជនបទ ដោយមកទល់ពេលនេះ បានសាងសង់ផ្ទះសរុប ៣១ខ្នង អណ្តូងទឹកស្អាត ៣៦អណ្តូង កន្លែងលាងសម្អាតដៃ ១៣កន្លែង និងបង្គន់អនាម័យ ៤ខ្នង នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស៕

Share.