ទោះបីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ក៏ពិតមែន តែកងកម្លាំងរបស់យើងនៅតែបន្តបំពេញភារកិច្ចការពារទឹកដីជាធម្មតា ដូច្នេះការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជននៅជួរមុខ នៅតែជាអាទិភាពរបស់ថ្នាក់ដឹកនាំកងទ័ព។

ជាក់ស្តែង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់ជាច្រើន ទៅឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន។

ក្រៅពីការផ្គត់ផ្គង់ដល់កងកម្លាំងក្នុងអង្គភាពខ្លួន ក្រុមការងារក៏បាននាំយកអំណោយទៅចែករំលែកដល់អង្គភាពមិត្តផងដែរ ក្នុងនោះមាន កងពលតូចថ្មើរជើងលេខ២១ និង កងពលតូចថ្មើរជើងលេខ៤២ ដើម្បីជួយសម្រួលការហូបចុក និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតំបន់ជួរមុខ។

សកម្មភាពនេះបានបង្ហាញថា ទោះស្ថានការណ៍មានភាពធូរស្រាលក៏ដោយ ការគិតគូរពីសុខុមាលភាពរបស់កងទ័ពនៅជួរមុខ នៅតែត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យកងកម្លាំងមានស្មារតីរឹងមាំ និងត្រៀមខ្លួនជានិច្ចក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។

Share.