ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ហាត់ប្រាណថែទាំរាងកាយជាប្រចាំ ដើម្បីពង្រឹងសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងទម្ងន់ និងក្បាលពោះឱ្យនៅសមល្មម។

លោកមេបញ្ជាការ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង ដោយមើលឃើញថា កាយសម្បទារឹងមាំ គឺជាកត្តាគន្លឹះមួយសម្រាប់បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការងារបង្ការ បង្ក្រាបបទល្មើស និងបេសកកម្មសង្គ្រោះ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហាត់ប្រាណជាប់ជាប្រចាំ តាមរយៈវិធីសាស្ត្រចម្រុះ រួមមាន ការរត់ហាត់ប្រាណ ការហ្វឹកហាត់កម្លាំង និងលំហាត់ប្រាណកម្តៅសាច់ដុំផ្សេងៗ សំដៅពង្រឹងសមត្ថភាពផ្នែករាងកាយ និងផ្លូវចិត្ត ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានភាពអាសន្ននានា។

សូមជម្រាបថា ការហាត់ប្រាណនេះ មិនត្រឹមតែជួយឱ្យកងកម្លាំងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសីលធម៌ វិន័យ និងការរួបរួមក្នុងជួរកងកម្លាំងផងដែរ ដែលជាកត្តាចាំបាច់សម្រាប់ការបម្រើសង្គមជាតិ៕

Share.