ព្រះសីហនុ៖ រថយន្តធុនធំមួយគ្រឿងផ្ទុកថ្មក្រានីត បានបើកចុះចំណោតក្នុងល្បឿនលឿន ជ្រុលបុករះរថយន្ត ៣គ្រឿង និងម៉ូតូកង់បី ១គ្រឿង នៅលើវិថីផែ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្ស ៣នាក់រងរបួស។




សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI សណ្តោងសឺមីរ៉ឺម៉ក ផ្ទុកថ្មក្រានីតពេញ បើកបរពីតំបន់ឃ្លាំងលើឆ្ពោះទៅកំពង់ផែស្វយ័ត។ លុះមកដល់ចំណុចក្បែរស្ទុបកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាផ្លូវចុះចំណោត រថយន្តបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា។




ហេតុការណ៍នេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ និងអ្នកបើកបររថយន្ត ២នាក់ទៀតរងរបួសស្រាល ខណៈអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តបង្ក និងចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ÷ព្រះសីហនុ
