យ៉ាងហ្គោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា មន្ត្រីការទូតអាមេរិកម្នាក់ត្រូវបានរកឃើញថាបានបាត់បង់ជីវិត នៅក្នុងទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា។

ស្របពេលជាមួយគ្នានេះ ប្រភពពីសហគមន៍អ្នកការទូតប្រចាំតំបន់បានទម្លាយឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចមីយ៉ាន់ម៉ា បានឈានដល់ការឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត ជុំវិញការសង្ស័យថាមានការពាក់ព័ន្ធនឹងមរណភាពដ៏អាថ៌កំបាំងនេះ។

យោងតាមប្រភពព័ត៌មានដដែល បានឱ្យដឹងថា សាកសពរបស់អ្នកការទូតរូបនេះ ត្រូវបានរកឃើញកាលពីប្រហែលពីរសប្តាហ៍មុន នៅឯសណ្ឋាគារ Sakura Residence & Hotel ដែលជាទីតាំងស្នាក់នៅកម្រិតខ្ពស់ និងជាកន្លែងពេញនិយមបំផុតសម្រាប់មន្ត្រីការទូត ព្រមទាំងអ្នកជំនួញអន្តរជាតិ។

ជុំវិញអង្គហេតុដ៏រសើបនេះ អាជ្ញាធរយោធាមីយ៉ាន់ម៉ា បានសម្រេចបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ដោយចាត់ទុកករណីនេះថាជា «បទល្មើសឃាតកម្ម»។ យ៉ាងណា បច្ចុប្បន្ន ស្ត្រីជនជាតិថៃដែលជាជនសង្ស័យ កំពុងស្ថិតក្រោមការឃុំខ្លួន និងសាកសួរយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌។

ដោយឡែក ឆ្លើយតបនឹងវិបត្តិផ្លូវច្បាប់នេះ ក្រសួងការបរទេសថៃបានចេញមុខអះអាងថា ភាគីថៃបាននិងកំពុងផ្តល់ជំនួយផ្នែកកុងស៊ុលយ៉ាងយកចិត្តទុកដាក់ដល់ពលរដ្ឋខ្លួន ដែលកំពុងជាប់ឃុំឃាំង ព្រមទាំងបានធ្វើការជូនដំណឹងជាផ្លូវការទៅកាន់ក្រុមគ្រួសារសាច់ញាតិរួចរាល់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នការទូតថៃបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ដោយយោងលើហេតុផលឯកជនភាព និងដំណើរការស៊ើបអង្កេតដែលកំពុងបន្ត។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏រន្ធត់ដែលបានកើតឡើងលើមន្ត្រីការទូតបរទេសនេះ បានបង្កឱ្យមានការចាប់អារម្មណ៍និងព្រួយបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ដុនដាបក្នុងវិបត្តិនយោបាយ សន្តិសុខ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងយ៉ាងរ៉ាំរ៉ៃ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ មក៕

ប្រភព៖ Khaosod English

Share.