លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចេញមុខស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ជាសាធារណៈ ចំពោះសារលិខិតប្រកបដោយអត្ថន័យវិជ្ជមានរបស់ ឯកឧត្តម ឡត ហានសុន (Lord Hanson) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួម (ព្រីតថេន និងអៀរឡង់ខាងជើង) ជុំវិញស្មារតីរួមគ្នាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបណ្ឌិត ទូច សុឃៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Lord Hanson និងរាជ
រដ្ឋាភិបាលរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្ពុជាកោតសរសើរចំពោះរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង ដែលបានបង្ហាញនូវភក្តីភាព សុចរិតភាព និងការផ្តល់តម្លៃដល់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ដើម្បីបម្រើឧត្តមប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ និងសន្តិសុខសកល។ ទំនាក់ទំនងការទូតរវាងកម្ពុជា និងរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ហើយរដ្ឋទាំងពីរតែងតែខិតខំជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ជំនួយមនុស្សធម៌ និងសន្តិសុខ។ ការចុះ MOU លើកនេះ គឺជាការធ្វើបច្ចុប្បន្នភាព និងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឱ្យស្របតាមការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោកទំនើប។

លោកបណ្ឌិត ទូច សុឃៈ បន្ថែមថា ការផ្តោតលើការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ការឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងបទល្មើសឆ្លងដែន គឺជាគោលជំហររួមគ្នាយ៉ាងច្បាស់លាស់។ ភាគីទាំងពីរទទួលស្គាល់ថា បទល្មើសស៊ីប័រមិនមែនជាបញ្ហារបស់ប្រទេសណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែជាវិបត្តិនៃមនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានកិច្ចសហការអនុវត្តច្បាប់ដោយស្មោះត្រង់ និងជិតស្និទ្ធ។

ជាទីបញ្ចប់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានសម្តែងនូវជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់ (MOU) ថ្មីនេះ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់រវាងស្ថាប័នមានសមត្ថកិច្ចនៃកម្ពុជា និងរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសុវត្ថិភាព និងវិបុលសុខជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកទាំងមូល៕

Share.