ព្រលានយន្តអន្តរជាតិតេជោរបស់កម្ពុជា ត្រូវបានប្រកាសឈ្មោះជាផ្លូវការនៅក្នុងបញ្ជី «ព្រលានយន្តហោះដែលស្អាតបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៦» ពីសំណាក់កម្មវិធីពានរង្វាន់ស្ថាបត្យកម្ម និងរចនាបថសកល Prix Versailles។ ព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជា បានរួមដំណើរជាមួយព្រលានយន្តហោះចំនួន ៦ ផ្សេងទៀតនៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ចំពោះភាពឆ្នើមលើការរចនាផ្នែកស្ថាបត្យកម្ម និងការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះជូនដល់អ្នកដំណើរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័ន Prix Versailles បានគូសបញ្ជាក់ថា ការជ្រើសរើសសម្រាប់ឆ្នាំ២០២៦ នេះ «បានបង្ហាញឱ្យឃើញពីរបៀបដែលព្រលានយន្តហោះនាពេលបច្ចុប្បន្ន កំពុងតែបោះបង់ចោលនូវទម្រង់ស្តង់ដារចាស់ៗ ដើម្បីផ្តល់ជូនពិភពលោកនូវទស្សនវិស័យដែលកាន់តែសម្បូរបែប និងមានភាពស៊ីសង្វាក់គ្នាយ៉ាងល្អឯក»។

ក្រៅពី ព្រលានយន្តហោះអន្តរជាតិតេជោ (Techo International Airport) នៃប្រទេសកម្ពុជា ដែលបានជាប់ឈ្មោះក្នុងបញ្ជីនេះក៏មានព្រលានយន្តផ្សេងៗទៀតដែរដូចជា ព្រលានយន្តហោះអន្តរជាតិ San Diego និងព្រលានយន្តហោះអន្តរជាតិ Pittsburgh របស់សហរដ្ឋអាមេរិក, ព្រលានយន្តហោះអន្តរជាតិ Guangzhou Baiyun របស់ប្រទេសចិន រួមទាំងព្រលានយន្តហោះអន្តរជាតិ Lokapriya Gopinath Bardoloi និងព្រលានយន្តហោះអន្តរជាតិ Navi Mumbai របស់ប្រទេសឥណ្ឌា។

លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានពិពណ៌នាអំពីព្រលានយន្តហោះដែលឈ្នះពានទាំងនេះថាជា «និមិត្តរូបនៃការច្នៃប្រឌិត និងជាចំណុចសម្គាល់ដែលមិនអាចរំលងបានសម្រាប់តំបន់ និងយុគសម័យរបស់ពួកគេ» ដោយលោកបានសង្កត់ធ្ងន់ថា ព្រលានយន្តហោះទំនើបនាពេលបច្ចុប្បន្ន បានវិវត្តខ្លួនហួសពីកន្លែងសម្រាប់តែផ្ទេរអ្នកដំណើរធម្មតាទៅហើយ។
នៅចុងឆ្នាំនេះ ក្នុងចំណោមព្រលានយន្តហោះទាំង ៧ ដែលត្រូវបានជ្រើសរើស នឹងមានព្រលានយន្តហោះចំនួន ៣ ទៀតដែលនឹងត្រូវទទួលបាន «ពានរង្វាន់កម្រិតពិភពលោកបន្ថែម (World Titles)» សម្រាប់ភាពឆ្នើមលើការរចនារួម ស្ថាបត្យកម្មផ្ទៃក្នុង ឬស្ថាបត្យកម្មខាងក្រៅ ផងដែរ៕

