គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យទីតាំងចំនួន១២កន្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការនាំចូលសាច់បង្កក និងទំនិញពីប្រទេសថៃដោយខុសច្បាប់។

ក្នុងចំណោមទីតាំងទាំងនោះ កម្លាំងចម្រុះបានរកឃើញទំនិញនាំចូលពីប្រទេសថៃចំនួន ១៧មុខ នៅចំណុចផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ តាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ទីតាំងនេះត្រូវបានប្រើប្រាស់ជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ ដោយមានទំងន់សរុបរហូតដល់ ១៤.៦៣៨,៥ គីឡូក្រាម (ស្មើនឹង ១.៦៤៧កេស)។

គួរឱ្យកត់សម្គាល់ដែរថា ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ២មុខ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស ទឹកវីតាមីន Blue ចំនួន ៤កេស។ បន្ទាប់ពីការត្រួតពិនិត្យ និងទទួលបានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លាំងទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ការនាំចូលសាច់បង្កក និងទំនិញពីប្រទេសថៃដោយខុសច្បាប់។ ប្រតិបត្តិការនេះនឹងត្រូវបន្តអនុវត្តបន្ថែមទៀត ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងស្រុក៕


