ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ និងចូលរួមយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ។

មុនពិធីដាំដើមឈើ គណៈប្រតិភូបានអញ្ជើញថ្វាយគ្រឿងសក្ការបូជាជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ ព្រមទាំងជោគជ័យនៃយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា។

ឯកឧត្តម ខូយ រីដា បានលើកឡើងពីសមិទ្ធផលរបស់រដ្ឋបាលខេត្តក្នុងការពង្រឹងអនាម័យបរិស្ថាន និងចលនាសម្អាតសំរាម រហូតធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តគំរូ។ ទន្ទឹមនឹងនេះ ខេត្តក៏កំពុងជំរុញការដាំដើមឈើតាមដងផ្លូវ ទីសាធារណៈ សាលារៀន និងវត្តអារាមនានា ដើម្បីប្រែក្លាយខេត្តឱ្យកាន់តែបៃតង និងស្រស់ស្អាតនៅឆ្នាំ២០២៨ ព្រមទាំងប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើឱ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការដាំដើមឈើជាផ្នែកសំខាន់នៃយុទ្ធសាស្ត្របៃតងរបស់ក្រសួងបរិស្ថាន ប៉ុន្តែការការពារព្រៃឈើដែលមានស្រាប់នៅតែជាអាទិភាពចម្បង។ ឯកឧត្តមបានអំពាវនាវឱ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានគាំទ្រការងារអភិរក្សព្រៃឈើ និងបង្ហាញពីគម្រោងចែកពូជត្នោតយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកបង្កើនគម្របបៃតងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសជ្រើសរើសខេត្តពោធិ៍សាត់ ជាខេត្តដំបូងសម្រាប់អនុវត្តយុទ្ធនាការដាំស្មៅយក្យ ក្រោមការគាំទ្រពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះមានគោលបំណងផ្តល់វត្ថុធាតុដើមជំនួសសម្រាប់ផលិតអុស និងធ្យូង ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ហើយនឹងពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗ ប្រសិនបើទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាំដើមឈើមិនត្រឹមតែជួយបង្កើនគម្របបៃតង កាត់បន្ថយកម្ដៅ និងស្រូបយកកាបូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាព សង្គម និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ ដោយគម្របព្រៃឈើល្អប្រសើរ គឺជាមូលដ្ឋានគ្រឹះនៃកម្ពុជាបៃតង សុវត្ថិភាព និងភាពរុងរឿង៕

អត្ថបទ៖ពោធិ៍សាត់

Share.