បាងកក៖ ពិភពនយោបាយ និងរង្វង់សិល្បៈនៅក្នុងប្រទេសថៃកំពុងជួបវិបត្តិហិរញ្ញវត្ថុវឹកវរយ៉ាងខ្លាំង ក្រោយពីអាជ្ញាធរបានបើកកកាយនូវបណ្តាញ «Scam» ដ៏ស៊ីវិល័យមួយ ដែលមានការសង្ស័យថា បានប្រើប្រាស់ឥទ្ធិពលរបស់សមាជិកសភា និងតារាសម្តែងលំដាប់ជួរមុខ ធ្វើជាឧបករណ៍ទាក់ទាញ និងបោកបញ្ឆោតជនរងគ្រោះឱ្យធ្លាក់ក្នុងអន្ទាក់វិនិយោគ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានវាយកម្ទេចសម្បុកមេខ្លោង និងខ្សែបណ្តាញ Scam ជួញដូររូបិយប័ណ្ណបរទេសខុសច្បាប់ ដោយប្រកាសថា ឈ្មោះរបស់បុគ្គលល្បីៗដែលក្បត់ទំនុកចិត្តសាធារណជនទៅចូលរួមក្នុងល្បិចបោកប្រាស់នេះ នឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗ។

យន្តការនៃល្បិចកលឆបោកដ៏ធំធេងនេះ ត្រូវបានបង្កើតឡើងដោយមានប្រព័ន្ធច្បាស់លាស់ ដោយក្រុមឧក្រិដ្ឋជនបានបង្កើតគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃក្លែងបន្លំ ដែលមានរូបរាងស្តង់ដារដូចទៅនឹងទីផ្សារភាគហ៊ុនពិតប្រាកដ។ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រអូសទាញ បោកបញ្ឆោតវិនិយោគិនរាប់រយនាក់ តាមរយៈការសន្យាផ្តល់អត្រាផលចំណេញខ្ពស់កប់ពពក និងរហ័សទាន់ចិត្ត ដែលជាល្បិចស្តង់ដារនៃអន្ទាក់ ឆបោកបច្ចេកវិទ្យា។

ដ្បិតថាបញ្ជីឈ្មោះផ្លូវការមិនទាន់ប្រកាស ប៉ុន្តែការសង្ស័យបានធ្លាក់ទៅលើ លោក Pawoot Pongvitayapanu តំណាងរាស្ត្រមកពីគណបក្សប្រជាជនថៃ ទោះបីជាលោកបដិសេធក៏ដោយ។ ជាមួយគ្នានោះ តារាសម្តែងប្រុសដ៏ល្បីម្នាក់ ដែលមានឈ្មោះផ្តើមដោយអក្សរ «F» ក៏កំពុងរងការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ក្រោយពីសមត្ថកិច្ចរកឃើញថា លំនៅដ្ឋានរបស់លោកអាចមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកនេះ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកសរុបចំនួន ២៤កន្លែងក្នុងរាជធានីបាងកក និងខេត្តចំនួន៤ ដូចជា៖ ខេត្ត Nonthaburi, Pathum Thani, Samut Prakan, Samut Sakhon អាជ្ញាធរបានដកហូតទ្រព្យសម្បត្តិដែលបានមកពីអំពើឆបោកនោះរួមមាន៖ ថវិកាសុទ្ធជាង ៦៥លានបាត, រថយន្តប្រណីតៗ ៥គ្រឿង, មាសដុំ, ប្រាក់ដុំ, គ្រឿងអលង្ការ, កាបូបម៉ាកល្បីៗ និងអាវុធ។ លើសពីនេះ គណនីធនាគារដែលប្រើសម្រាប់លាងលុយកខ្វក់ជាង៧០ ត្រូវបានបង្កក ហើយឧបករណ៍ផ្ទុកគ្រីបតូ កុំព្យូទ័រ និងម៉ាស៊ីនមេ (Servers) ដែលជាឧបករណ៍បញ្ជាការនៃបណ្តាញឆបោកត្រូវបានរឹបអូសទាំងអស់។

វិបត្តិនៃការប្រព្រឹត្តអំពើឆបោកដ៏រញ្ជួយមួយនេះ បានលាតត្រដាងនូវការពិតដ៏គួរឱ្យភ័យខ្លាចអំពី «វិវត្តកម្មនៃល្បិចបោកប្រាស់ឌីជីថល» នាសម័យបច្ចុប្បន្ន។ ក្រុម Scammers មិនមែនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យា ផ្ញើសារ ឬបង្កើតកម្មវិធីក្លែងក្លាយដើម្បីបោកយកលុយធម្មតានោះទេ ប៉ុន្តែពួកគេបានឈានទៅដល់ការប្រើប្រាស់ ការឆបោកទំនុកចិត្តពីសង្គមសាធារណៈ ដោយយកកេរ្តិ៍ឈ្មោះតារាល្បីៗ និងអំណាចរបស់អ្នកនយោបាយ មកធ្វើជាស្លាកយីហោរចំហ ដើម្បីបង្កើតភាពស្របច្បាប់ក្លែងក្លាយ បន្លំភ្នែកមហាជន។

ការរឹបអូសបានសម្ភារទំនើបៗ និងគណនីគ្រីបតូ បានស្តែងឱ្យឃើញថា បណ្តាញឆបោកនេះមានការរៀបចំចាត់តាំងខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលងាយស្រួលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋស្លូតត្រង់បានយ៉ាងលឿនបំផុត។

យុទ្ធនាការបង្ក្រាបរបស់អាជ្ញាធរថៃពេលនេះ គឺជាមេរៀនព្រមានមួយដ៏មានតម្លៃសម្រាប់សង្គមជាតិទាំងមូលថា នៅក្នុងពិភពឌីជីថល ឱ្យតែមានការសន្យាផ្តល់ផលចំណេញខ្ពស់ខុសពីធម្មតា ទោះជាមានការធានាពីបុគ្គលមានអំណាច ឬតារាដែលមានពន្លឺចែងចាំងកម្រិតណាក៏ដោយ ក៏វាអាចជា «គម្រោងកលល្បិចឆបោក» ដែលត្រូវបានរចនាឡើងដើម្បីលេបត្របាក់ទ្រព្យសម្បត្តិរបស់យើងក្នុងប៉ព្រិចភ្នែកប៉ុណ្ណោះ៕

ប្រភព៖ Bangkok Post

Share.