បាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរន្ទះបាញ់ ខណៈកំពុងឃ្វាលគោក្រោមមេឃកំពុងមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំង។ ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី៧ ភូមិបឹងត្រកួន ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណឹម ងិន អាយុ ៦៩ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុ។ នៅមុនពេលកើតហេតុ គាត់បានចេញទៅឃ្វាលគោ ខណៈអាកាសធាតុកំពុងអាក្រក់ មានផ្គរ ផ្លេកបន្ទោរ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

ប្រភពដដែលបន្តថា ស្រាប់តែរន្ទះបានបាញ់ចំជនរងគ្រោះ បណ្តាលឱ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន មុនប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី។

អាជ្ញាធរ និងមន្ត្រីជំនាញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សា ដោយជៀសវាងការស្នាក់នៅ ឬធ្វើការនៅទីវាលក្រោមដើមឈើធំៗ និងកន្លែងបើកចំហ ខណៈមានភ្លៀង ផ្គរ និងរន្ទះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ ដំបងក្រញូង

Share.