ព្រះវិហារ៖ អគ្គិសនីកម្ពុជា (EDC) បានដាក់ឱ្យដំណើរការជាផ្លូវការនូវអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) លើកទី១ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

អនុស្ថានីយចល័តនេះ មានតង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

បើតាមអគ្គិសនីកម្ពុជា អនុស្ថានីយចល័តនេះមានសមត្ថភាពបើកបរផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយបានយ៉ាងងាយស្រួល និងអាចភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានក្នុងរយៈពេលខ្លី ដែលជួយបង្កើនប្រសិទ្ធភាព និងភាពបត់បែនក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតំបន់ដែលមានតម្រូវការបន្ទាន់។

ការដាក់ឱ្យប្រើប្រាស់អនុស្ថានីយចល័តនេះ នឹងជួយលើកកម្ពស់គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកពឹងផ្អែកលើប្រភពផ្គត់ផ្គង់ពីអនុស្ថានីយជ័យសែន តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យមមានចម្ងាយជាង ៧០គីឡូម៉ែត្រ ដែលអាចបង្កការរអាក់រអួល និងមិនអាចឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មបានពេញលេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា អនុស្ថានីយចល័តនេះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន ខណៈអនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍នៅតំបន់នេះ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦។ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីនៅទូទាំងប្រទេស អគ្គិសនីកម្ពុជា គ្រោងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧គ្រឿងទៀត នៅតាមទីតាំងសំខាន់ៗ រួមមានខេត្តកំពង់ធំ សៀមរាប ស្វាយរៀង បាត់ដំបង និងត្បូងឃ្មុំ។

គួរបញ្ជាក់ថា អនុស្ថានីយចល័តប្រភេទនេះ អាចដាក់ឱ្យប្រើប្រាស់នៅទីតាំងថ្មីបានក្នុងរយៈពេលប្រមាណ ២សប្តាហ៍ប៉ុណ្ណោះ ខណៈការជំនួសអនុស្ថានីយដែលមានបញ្ហា អាចអនុវត្តបានក្នុងរយៈពេលត្រឹម ២ថ្ងៃ ដែលជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការធានាសន្តិសុខថាមពលអគ្គិសនីនៅកម្ពុជា៕

អត្ថបទ៖ កណ្តាល

Share.