ពានរង្វាន់បាល់ទះប្រចាំកម្ពុជា តេជោលីគរដូវកាលទី៣ Techo Volleyball Cambodia League 2026 បានធ្វើដំណើរដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយចំណាយពេលជាង៧សប្តាហ៍ ពេលនេះក្រុមខ្លាំងចំនួនពីរនឹងជួបគ្នាវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខដណ្តើមរកម្ចាស់ជើងឯក។


ក្រុមការពារតំណែងជើងឯក២រដូវកាល បញ្ជាការដ្ឋានអង្គរក្ស នឹងត្រៀមប៉ះដៃគូចាស់វិសាខា នៅវគ្គផ្តាច់ព្រ័ត្រវេលាម៉ោង ៦:០០ នាទីល្ងាច ខណៈក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវប៉ះគ្នាដណ្តើមដណ្តើមយកចំណាត់ថ្នាក់លេខ៣។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៥-២៦ មាន៨ក្រុមធំៗចូលរួម ដែលនឹងជំរុញការប្រកួតនៅលើទីលានកាន់តែរន្ថើន រួមមានការបង្កើតប្រាក់រង្វាន់ក្រុមលេខ១ ជុំទី១ និងជុំទី២ និងការបើកឱ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ជាដើម។

សមសភាព ៨ក្រុមធំៗចូលរួមមាន៖
- ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
- សមាគមកីឡាបាល់ទះវិសាខា
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
- ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
- ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។

ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» រដូវកាលទី៣នេះ នឹងចែកចេញជា ៣ដំណាក់កាល ជុំទី១ ក្លិបទាំង ៨ត្រូវប្រជែងគ្នា ដើម្បីរកក្លិប ៦ ដែលត្រូវឡើងជុំទី២ មានសិទ្ធផ្លាស់ប្ដូរកីឡាករថ្មី ៦រូបទៀត កំឡុងពេលសម្រាក ដើម្បីរៀបចំ និងពង្រឹងក្រុមឱ្យកាន់តែខ្លាំងមុនប្រកួតជុំទី២។ ជុំទី២ ក្លិប ៦ ត្រូវបន្តប្រជែងគ្នាកាលន់តែខ្លាំង ដើម្បីរកពិន្ទុឈរនៅចំណាត់ថ្នាក់ល្អដើម្បីកំណត់ចំណាត់ថ្នាក់។
ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាន់តែកក្រើកការប្រកួតនឹងត្រូវយកក្រុមឈរលេខ១ ជួបជាមួយក្រុមលេខ៤ ក្រុមលេខ២ ជួបជាមួយក្រុមលេខ៣ ក្រុមចាញ់ត្រូវជួបគ្នាដណ្ដើមលេខ៣ ខណ:ក្រុមឈ្នះនឹងឡើងទៅដណ្ដើមជើងឯក។ លក្ខខណ្ឌនេះ ធ្វើឡើងដើម្បីជំរុញការប្រកួតប្រជែងកាន់តែខ្ពស់ និងរួមចំណែកលើកកម្ពស់គុណប្រយោជន៍សម្រាប់កីឡាករផង៕


