សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងជុំវិញព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលកំពុងប្រកួតយ៉ាងស្វិតស្វាញនៅប្រទេសចំនួន៣គឺអាមេរិក កាណាដា និងម៉ិកស៊ិក។

សម្តេចតេជោថា៖«បម្រែ​បម្រួល​ភូមិសាស្ត្រ​បាល់ទាត់​ ប្រទេស​​ក្រីក្រ​ ប្រជាជនតិចនឹងលើកពាន​ World Cup ជាមិនខាន» ក្រោយក្រុមខ្លាំងអាល្លឺម៉ង់ ធ្លាក់ក្រោមថ្វីជើងប៉ារ៉ាហ្គាយ នៅវគ្គ៣២ក្រុមចុងក្រោយ ដោយបាល់កាត់សេចក្តីប៉េណាល់ទី​ ៣-៤ បន្ទាប់​ពី​ស្មើ​គ្នា ១-១ ១២០​នាទីពេញ។ ចំណែកឯ ម៉ារ៉ុក ទម្លាក់ហូឡង់ដោយបាល់កាត់ក្តី១១ម៉ែត្រ ៣-២ បន្ទាប់ពីស្មើគ្នា ១-១ ពេញ១២០នាទី។

នេះ​ជា​ការ​ស្រង់​ប្រសាសន៍​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជុំវិញព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដូចខាងក្រោម៖

«ថ្ងៃមុនខ្ញុំបាននិយាយពីវ(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។

ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេតឃើញថាភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍ។

វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។

ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ការប្រកួត៣២ក្រុមនិងប្រសិនមិនអាចយកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមានមានការព្រួយបារម្មណ៍ពេលក្រុមបាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។

យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះពេលណាមួយប្រទេសក្រីក្រប្រជាជនតិចនិងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ខ្ញុំមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេប៉ុន្តែសម្រាប់ខ្ញុំឱកាសត្បូង ត្បូងបាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់»៕

Share.