គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបិទការប្រកួត Soccer League លើកទី៩ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត Soccer League ព្រមទាំង ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ Soccer League។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. តំណាងក្រសួង ស្ថាប័ននានា ម្ចាស់ឧបត្ថម្ភកម្មវិធី សិស្ស-និស្សិត បងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រជាច្រើន ដែលបានអញ្ជើញមកចូលរួមយ៉ាងកុះករ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បញ្ចប់ការប្រកួតវគ្គផ្ដា់ព្រ័ត្រ ដ៏តាន់តឹក ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមបាល់ទាត់ សុីប៊ែល អរហ្វសុី បានក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ផ្នែកបុរស បន្ទាប់ពីយកឈ្នះលើក្រុម អិនអេសអិម អាយអេសភី អេហ្វធី ក្នុងលទ្ធផល ៣ទល់និង១ ចប់៩០នាទី។

ដោយឡែកសម្រាប់ផ្នែកនារី នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានទៅលើក្រុមយុវតីស្ទាំងក្មេងវត្តក្តីចាស់ បន្ទាប់ពីយកឈ្នះលើកក្រុម សេនាអង្គរ យូណាយធីត ក្នុងលទ្ធផល ៥ទល់និង១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដូចគ្នា។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាំត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លងមក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ Soccer League ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ាន លះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានដំណើរការអស់រយៈពេលជាងមួយខែ ដោយមានក្រុមបាល់ទាត់ជាច្រើនចូលរួមប្រកួតប្រជែងក្រោមស្មារតីមិត្តភាព យុត្តិធម៌ និងកីឡារស់ក្នុងសន្តិភាព។់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់
ប្រវត្តិនៃការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ Soccer League គិតត្រឹមឆ្នាំ២០២៦នេះ៖
- លើកទី១ ឆ្នាំ២០១២ មាន២០ក្រុមចូលរួម ជ័យលាភីជើងឯក បានលើកក្រុម សមាគមយុវជន ក១២
- លើកទី២ ឆ្នាំ២០១៣ មាន៤០ក្រុមចូលរួម ជ័យលាភីជើងឯក បានទៅលើកក្រុម ស.ស.យ.ក ព្រៃវែង
- លើកទី៣ ឆ្នាំ២០១៥ មាន៤៧ក្រុមចូលរួម ជ័យលាភីជើងឯក បានទៅលើកក្រុម ណាចក្របៃតង
- លើកទី៤ ឆ្នាំ២០១៦ មាន៦០ក្រុមចូលរួម ជ័យលាភីជើងឯក បានទៅលើកក្រុម ពោធិ៍សែនជ័យ
- លើកទី៥ ឆ្នាំ២០១៩ មាន៧២ក្រុមចូលរួម ជ័យលាភីជើងឯក បានទៅលើកក្រុម យុវជនសូភីណា
- លើកទី៦ ់ឪឆ្នាំ២០២៣ មាន ៧៤ក្រុមចូលរួម (ស្រី ១០ក្រុម) ក្រុមបាល់ទាត់ស.ស.យ.ក. ខេត្តកណ្ដាល (បុរស) ក្រុមសុភីណាអេហ្វស៊ី (នារី)
- លើកទី៧៖ ឆ្នាំ ២០២៤ មាន ៦១ក្រុមចូលរួម (ស្រី ១៣ក្រុម) ជ័យលាភីជើងឯក បានទៅលើកក្រុម Khmer United FC (បុរស) ក្លិបបាល់ទាត់ភ្នំពេញក្រោន (នារី)
- លើកទី៨៖ ឆ្នាំ២០២៥ មាន ៦៣ក្រុមចូលរួម (ស្រី ៧ក្រុម) ជ័យសាភីជើងឯក ក្រុមបាល់ទាត់ ណាចក្របៃតង (បុរស) ក្រុមនារីសុភីណា អេហ្វស៊ី (នារី)
- លើទី៩៖ ឆ្នាំ២០២៦ ៦៤ក្រុមចូលរួម (ស្រី ៨ក្រុម) ជ័យសាភីជើងឯក ក្រុមបាល់ទាត់ សុីប៊ែល អរហ្វសុី (បុរស) ក្រុមយុវតីស្ទាំងក្មេងវត្តក្តីចាស់ (នារី)៕




