ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានរំលេចថា៖ «កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់»។ ការលើកឡើង​ដូច​នេះ ធ្វើឡើង​ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» នៅខេត្តរតនគិរី។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុងហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការចំណុះសាលាខេត្តរតនគិរី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិជាប់ព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងសិស្សនិស្សិត សរុបចំនួន ៣២១ នាក់។

ឯកឧត្តម ឡាំ ជា បានថ្លែងសុន្ទរកថាប្រកាសបើកសិក្ខាសាលា ព្រមទាំងធ្វើបាឋកថាយ៉ាងក្បោះក្បាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» ជូនអង្គសិក្ខាសាលាទាំងមូល។ អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាការពារនុវសមិទ្ធផលជាប្រវត្តិសាស្រ្តពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងដ៏សំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាពច្បាប់អន្តរជាតិ បច្ចេកទេសកិច្ចការព្រំដែន ទិដ្ឋភាពប្រវត្តិសាស្ត្រទឹកដី និងយុទ្ធសាស្រ្តការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកកម្ពុជា សំដៅរួមគ្នាទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានមិនពិត ការញុះញង់ ឬការបំភ្លៃការពិតពីសំណាក់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច ព្រមទាំងចូលរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕

https://troryorng.com/
Share.