បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមជាមួយលោកជំទាវ ញ៉ែម សាខន បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន ៣៩ ក្នុងខេត្តបាត់ដំបង ដើម្បីចូលរួមទ្រទ្រង់ និងលើកកម្ពស់ព្រះពុទ្ធសាសនា ខណៈពុទ្ធសាសនិកកម្ពុជាត្រៀមប្រារព្ធពិធីបុណ្យចូលព្រះវស្សា។


ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោមបានមានប្រសាសន៍ថា ការប្រគេនទៀនព្រះវស្សាលើកនេះ ធ្វើឡើងក្រោមសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា វីរជន និងញាតិការទាំងឡាយដែលបានទទួលមរណភាព។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាប្រពៃណីដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តគ្នាជារៀងរាល់ឆ្នាំ ដោយនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃ ដើម្បីទំនុកបម្រុងការគង់ចាំព្រះវស្សារយៈពេលបីខែ និងគាំទ្រដល់ការសិក្សាព្រះធម៌វិន័យ។




សម្តេចក៏បានលើកឡើងថា ការបន្តរៀបចំពិធីនេះ គឺជាការចូលរួមថែរក្សាប្រពៃណី និងវប្បធម៌របស់ជាតិ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា ហើយរាជរដ្ឋាភិបាលក៏បន្តយកចិត្តទុកដាក់លើការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ស្របនឹងការអភិវឌ្ឍប្រទេសជាតិ។
អត្ថបទ៖ដំបងក្រញូង

