
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជូនដំណឹងដល់បងប្អូនសហគមន៍ខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ មេត្តាជ្រាបថា ស្ថានទូតនឹងរៀបចំ ការប្រកួតកីឡាបាល់ទះពានរង្វាន់មិត្តភាពសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦ (Cambodian Community Volleyball Cup 2026 – CCV Cup 2026) នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពតាមរយៈការលេងកីឡា ពង្រឹងសាមគ្គីភាព មិត្តភាព ស្មារតីសហការ និងទំនាក់ទំនងល្អរវាងបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ សិក្សា និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ព្រមទាំងរួមចំណែកពង្រឹងភាពរឹងមាំនៃសហគមន៍ខ្មែរទាំងមូល ក្រោមស្មារតី «ខ្មែរតែមួយ»។
អាស្រ័យហេតុនេះ ស្ថានទូតសូមអញ្ជើញក្រុមកីឡាបាល់ទះរបស់សហគមន៍ខ្មែរ តាមតំបន់នានានៅសាធារណរដ្ឋកូរ៉េ ដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមប្រកួត មេត្តាទំនាក់ទំនងចុះឈ្មោះតាមរយៈ៖
- លេខទូរស័ព្ទ៖ 010-7645-6229
- គណនីហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관
លក្ខខណ្ឌនៃការចូលរួមប្រកួត៖
១. ក្រុមនីមួយៗត្រូវបង្កើតក្រុម និងចុះឈ្មោះចូលរួមឱ្យបានត្រឹមត្រូវតាមកាលកំណត់។
២. ក្រុមត្រូវមានសមាជិកយ៉ាងតិច ៨នាក់។
៣. កីឡាករទាំងអស់ត្រូវមានឯកសណ្ឋានក្រុមសមរម្យ និងមានលេខរៀងច្បាស់លាស់។
៤. ការចូលរួមប្រកួត មិនតម្រូវឱ្យបង់ថ្លៃចុះឈ្មោះ ឬថ្លៃចូលរួមឡើយ។
៥. ស្ថានទូតនឹងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
៦. គណៈកម្មការរៀបចំនឹងផ្តល់រង្វាន់ជូន៖
- ជើងឯក
- ជើងឯករង
- ចំណាត់ថ្នាក់លេខ៣
- ពានរង្វាន់កីឡាករល្អបំផុត(Best Player)
៧. បទបញ្ជាប្រកួត កាលវិភាគ កន្លែងប្រកួត និងព័ត៌មានលម្អិតផ្សេងៗ នឹងត្រូវជូនដំណឹងជាបន្តបន្ទាប់។
ស្ថានទូតសូមអំពាវនាវដល់បងប្អូនសហគមន៍ខ្មែរទាំងអស់ ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍កីឡានេះឱ្យបានផុសផុល ដើម្បីរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាព និងកិត្យានុភាពរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ៕
