យោងតាមការចេញផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កាលពីពេលថ្មីៗ ពីចំណេះដឹង ពីវិធីសង្គ្រោះទូរស័ព្ទ និងកុំព្យូទ័ររបស់អ្នក ដែលឆ្លងមេរោគ Malware ឱ្យមានសុវត្ថិភាពឡើងវិញ។

ក្នុងនោះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញ ៥ ជំហានសំខាន់ៗ អ្នកត្រូវប្រញាប់អនុវត្តតាមជំហានសំខាន់ៗខាងក្រោមនេះភ្លាមៗ ដើម្បីកាត់បន្ថយការខូចខាត និងការពារទិន្នន័យផ្ទាល់ខ្លួន៖
១. ផ្តាច់ការតភ្ជាប់អ៊ីនធឺណិត និងបិទទិន្នន័យចល័ត (Mobile Data) ដើម្បីទប់ស្កាត់មិនឱ្យមេរោគបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ពួក Hacker។
២. ស្កេន និងសម្អាតមេរោគចេញ ដោយប្រើកម្មវិធីកំចាត់មេរោគ (Antivirus) ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ដើម្បីធ្វើការស្កេនរក និងលុបឯកសារ ឬកម្មវិធីដែលសង្ស័យចេញ។
៣. ផ្លាស់ប្ដូរពាក្យសម្ងាត់គណនី : ក្រោយពេលសម្អាតមេរោគរួច សូមធ្វើការផ្លាស់ប្ដូរពាក្យសម្ងាត់នៃគណនីសំខាន់ៗរបស់អ្នក ដូចជា៖ អ៊ីម៉ែល គណនីបណ្តាញសង្គម និងគណនីធនាគារ។ បន្ថែមពីនេះ បើកដំណើរការផ្ទៀងផ្ទាត់ពីរជាន់ (2FA) ដើម្បីធានាថាគ្មាននរណាម្នាក់អាចចូលគណនីលោកអ្នកបានដោយគ្មានការអនុញ្ញាត ទោះបីជាពួកគេដឹងពាក្យសម្ងាត់ក៏ដោយ។
៤. បម្រុងទុកទិន្នន័យសំខាន់ៗ (Backup Important Data): មុននឹងសម្រេចចិត្តលុបទិន្នន័យចេញពីប្រព័ន្ធចោល (Formatting) សូមចម្លងទុកឯកសារសំខាន់ៗទុកក្នុង USB ឬ Hard Drive ខាងក្រៅ ប៉ុន្តែត្រូវប្រាកដថាឯកសារទាំងនោះមិនមានជាប់មេរោគ។
៥. ដំឡើងប្រព័ន្ធប្រតិបត្តិការឡើងវិញជាជម្រើសចុងក្រោយ (Factory Reset / Clean Reinstall) ប្រសិនបើមេរោគមិនអាចលុបចេញបានតាមរយៈការស្កេនទេ វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតគឺ៖
– ករណីប្រើប្រាស់ទូរស័ព្ទ សូមធ្វើការឈូសទិន្នន័យចោលទាំងស្រុង (Factory Reset)
– ករណីប្រើប្រាស់កុំព្យូទ័រ សូមដំឡើងប្រព័ន្ធប្រតិបត្តិការ (Windows/macOS) ឡើងវិញសាថ្មីម្តងទៀត៕

