ក្រសួងព័ត៌មានបានប្រកាសដាក់ចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់មួយ ស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី បន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

សេចក្តីណែនាំនេះកំណត់គោលដៅយ៉ាងជាក់លាក់លើអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកប្រើប្រាស់ទូទៅ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ ដោយហាមឃាត់ដាច់ខាតនូវសកម្មភាពអសកម្មមួយចំនួនដូចជា ការផលិត ឬចែករំលែកមាតិកាបង្កជម្លោះ ញុះញង់ ស្អប់ខ្ពើម ជេរប្រមាថ បរិហារកេរ្តិ៍ ឬអនាចារ និងផ្ទុយពីគុណតម្លៃសង្គមខ្មែរ។

ចំណែកឯការយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកទាក់ទាញការចាប់អារម្មណ៍ ផលិតជាមាតិកាបង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ត្រូវបានចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះដែរ ក្រសួងព័ត៌មាន ក៏បានហាមឃាត់ចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឬបច្ចេកវិទ្យាឌីជីថល ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃផងដែរ។

ដើម្បីធានាប្រសិទ្ធភាពការអនុវត្ត ក្រសួងបានដាក់ចេញនូវកម្រិតវិធានការដូចជា៖

-ចំពោះអ្នកសារព័ត៌មាន និងអង្គភាព ត្រូវអនុវត្តវិធានការរដ្ឋបាលចាប់ពីការណែនាំ ព្រមាន តម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកា រហូតដល់ការពិនិត្យឡើងវិញ ឬដកហូតអាជ្ញាបណ្ណ និងបញ្ជូនសំណុំរឿងទៅសមត្ថកិច្ចបើមានសញ្ញាបទល្មើស។

-ចំពោះអ្នកបង្កើតមាតិកា និង Influencers ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវេទិកាឌីជីថល ដើម្បីអប់រំ ណែនាំ ព្រមាន ស្នើសុំលុបមាតិកា និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមានបទល្មើស។

ក្រសួងព័ត៌មានក៏បានគូសបញ្ជាក់ជាថ្មីថា សេរីភាពនៃការបញ្ចេញមតិត្រូវតែអមមកជាមួយនូវការទទួលខុសត្រូវ ក្រមសីលធម៌ និងការគោរពសិទ្ធិអ្នកដទៃ ដោយមិនអាចត្រូវបានប្រើប្រាស់ដើម្បីបំផ្លាញសណ្តាប់ធ្នាប់សង្គមឡើយ។ ក្រសួងក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាព និងលើកស្ទួយតម្លៃវប្បធម៌ និងសីលធម៌សង្គមខ្មែរផងដែរ៕

Share.