ដំណើរការចរចាទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែនគោក រវាងកម្ពុជា និងថៃ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ខណៈដែលភាគីថៃបានបន្តប្រើប្រាស់យុទ្ធសាស្ត្របង្កើតលេស និងលើកឡើងនូវការចោទប្រកាន់ជាបន្តបន្ទាប់មកលើកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូន និងឧបទ្ទវហេតុទាហានថៃជាន់មីន ដើម្បីពន្យារពេល និងគេចវេសពីការចូលតុចរចា។

បច្ចុប្បន្ន យន្តការចរចាដែលមានស្រាប់ រួមមានគណៈកម្មការព្រំដែនចម្រុះ (JBC) និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ មិនទាន់អាចដំណើរការទៅមុខបាននៅឡើយ ដោយសារជំហររុញរារបស់ភាគីថៃ។
កាលពីថ្ងៃច័ន្ទ ក្រសួងការពារជាតិថៃបានចេញមុខប្រកាសថា ខ្លួនបានដាក់ពាក្យបណ្តឹងជាផ្លូវការជុំវិញសកម្មភាពយន្តហោះគ្មានមនុស្សបើក (Drone) របស់កម្ពុជា ដែលប្រតិបត្តិការតាមបណ្តោយព្រំដែន ដោយថៃអះអាងថា កងកម្លាំងរបស់ខ្លួនមានប្រព័ន្ធបច្ចេកវិទ្យាប្រឆាំងដ្រូនដើម្បីទប់ទល់។
ទោះបីជាអ្នកនាំពាក្យក្រសួងការពារជាតិថៃបានថ្លែងថា ការចរចាអាចបន្តឡើងវិញតាមយន្តការ JBC ក៏ដោយ ប៉ុន្តែភាគីថៃបែរជាបានទម្លាក់កំហុសមកលើកម្ពុជា តាមរយៈការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កម្ពុជាបានប្រព្រឹត្តអំពើញុះញង់ និងមិនបានអនុវត្តតាមសេចក្តីថ្លែងការណ៍រួមទៅវិញ។ ក្នុងឱកាសនោះដែរកងទ័ពថៃក៏បានប្រើសម្ដីប្រមាថសមយុទ្ធ «Angkor Sentinel» រវាងកម្ពុជា និងសហរដ្ឋអាមេរិក ថាត្រឹមជាសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយប៉ុណ្ណោះ។

យ៉ាងណាមិញនៅថ្ងៃដដែលនេះ សារព័ត៌មានថៃបានចុះផ្សាយថា ទាហានថៃម្នាក់បានរងរបួសដោយសារជាន់មីន ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតនៅជិតច្រកអានសេះ។ ភ្លាមៗនោះ លោក វីនថៃ ស៊ុរ៉ាវី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញមុខប្រកាសបែបញុះញង់ថា កងទ័ពថៃបានឈូសឆាយបំផ្លាញមូលដ្ឋានយោធាកម្ពុជា និងបានវាយរុញច្រានទាហានកម្ពុជាចេញពីតំបន់នោះ មុនពេលចាប់ផ្តើមដោះមីន។
ទាក់ទិននឹងបញ្ហានេះ ការព្យាយាមភ្ជាប់ឧបទ្ទវហេតុទាហានថៃជាន់មីន ក្នុងអំឡុងពេលប្រតិបត្តិការឯកតោភាគីរបស់ខ្លួន មកលើភាគីកម្ពុជា គឺជាការទម្លាក់កំហុសដើម្បីបង្កើតលេសចោទប្រកាស់ប៉ុណ្ណោះ។ ប្រតិបត្តិការដោះមីនរបស់ថៃ ត្រូវតែធ្វើឡើងដាច់ខាតនៅក្នុងទឹកដីផ្លូវការរបស់ខ្លួន ហើយមិនត្រូវយកមកធ្វើជាលេសដើម្បីបំពានចូលក្នុងដីកម្ពុជា តំបន់ដែលមិនទាន់វាស់វែងខណ្ឌសីមា ឬតំបន់ដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។
ទង្វើ និងការចោទប្រកាន់ដដែលៗពីសំណាក់ភាគីថៃ ត្រូវបានគេមើលឃើញថា ជាចេតនាច្បាស់ៗក្នុងការគេចវេសពីការប្តេជ្ញាចិត្តលើកិច្ចចរចាសន្តិវិធី និងជារបាំងរារាំងដល់ការស្វែងរកដំណោះស្រាយព្រំដែនប្រកបដោយយុត្តិធម៌ និងការគោរពអធិបតេយ្យភាពរវាងប្រទេសទាំងពីរ៕

