កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់។


ថ្នាក់ដឹកនាំខេត្ត បានពិនិត្យលើទំហំនៃការបាក់ស្រុត ដែលកំពុងកើតមានឡើង ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង បណ្តាលឱ្យមានការប្រឈមមុខខ្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ និងជាពិសេសគឺនៅក្បែរទីតាំងបាក់ស្រុតនោះមានសាលារៀន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។


ជាវិធានការបឋម ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការវិវត្តនៃការបាក់ស្រុតជាបន្តបន្ទាប់ និងត្រូវរៀបចំដាក់របាឃាំងព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតំបន់នោះជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត ៕
អត្ថបទ៖អាចារ្យលាក់

