អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនរងគ្រោះដោយសារមីន (អាជ្ញាធរមីន) បានចេញមុខធ្វើការបកស្រាយ និងបញ្ជាក់យ៉ាងច្បាស់ជុំវិញរបាយការណ៍ព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញប្បទានរបស់អង្គការ Cambodian Self Help Demining (CSHD) ដើម្បីជៀសវាងការយល់ភ័ន្តច្រឡំពីសាធារណជន និងសហគមន៍អន្តរជាតិ ដែលអាចបង្កឱ្យមានការយល់ឃើញមិនត្រឹមត្រូវអំពីស្ថានភាពទូទៅនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

អាជ្ញាធរមីន បានទទួលស្គាល់ និងបង្ហាញការយល់ចិត្តចំពោះការលំបាកផ្នែកហិរញ្ញវត្ថុដែលអង្គការ CSHD កំពុង​ជួប​ប្រទះ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងកន្លងមក។ អង្គការ CSHD បានចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារ​សហគមន៍​ពី​ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែបញ្ហាប្រឈមផ្នែកថវិកាដែលអង្គការនេះកំពុងជួបប្រទះ គឺជាករណីដោយឡែក និងមានលក្ខណៈជាក់លាក់ចំពោះតែអង្គការមួយនេះប៉ុណ្ណោះ។

ផ្អែកលើទិន្នន័យជាក់ស្តែង បច្ចុប្បន្ន CSHD មានបុគ្គលិកចំនួន ៣៧នាក់ ប៉ុណ្ណោះ ដែលកំពុងបំពេញការងារ នៅក្នុងចំណោមកម្លាំងការងារសរុបក្នុងវិស័យសកម្មភាពមីនទូទាំងប្រទេសកម្ពុជាដែលមានរហូតដល់ប្រមាណ ៥,៧​ដើម​នាក់។ ជាងនេះទៅទៀត មានតែផ្នែកមួយតូចប៉ុណ្ណោះនៃកម្លាំងការងាររបស់ CSHD ដែលត្រូវបានរំពឹងថានឹងរងផលប៉ះពាល់ពីបញ្ហាហិរញ្ញវត្ថុនេះ។ ហេតុដូច្នេះ បញ្ហាប្រឈមរបស់ CSHD មិនអាច និងមិនគួរត្រូវបាន​យក​ទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីការថយចុះសមត្ថភាពសរុប ឬជាការធ្លាក់ចុះនៃស្ថានភាពសកម្មភាពមីនមនុស្សធម៌នៅកម្ពុជានោះឡើយ។

ប្រភពដដែលបានគូសបញ្ជាក់ថា ប្រតិបត្តិការដោះមីននៅតែបន្តអនុវត្តយ៉ាងសកម្មទូទាំងប្រទេស តាមរយៈប្រតិបត្តិករ​ជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក្រោមការគាំទ្រយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ។ ការប្រែប្រួលនៃហិរញ្ញប្បទានទៅតាមឆ្នាំ និងរវាងប្រតិបត្តិករផ្សេងៗ គឺជាធម្មជាតិធម្មតានៅក្នុងវិស័យមនុស្សធម៌ ដែលអាស្រ័យលើអាទិភាព និងវដ្តនៃការផ្តល់ថវិកា។ ខណៈប្រតិបត្តិករមួយអាចកាត់បន្ថយកម្លាំងការងារ ប្រតិបត្តិករផ្សេងទៀតអាចនឹងរក្សា ឬពង្រីកប្រតិបត្តិការរបស់ខ្លួនទៅវិញ។

ជារួម ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសកម្មភាពមីនរបស់កម្ពុជានៅតែមានភាពរឹងមាំខ្លាំងក្លា។ កម្ពុជាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវហិរញ្ញប្បទានមាននិរន្តរភាព និងជំរុញការសម្រេចបាននូវគោលដៅជាតិ ក្នុងការរំដោះប្រទេសកម្ពុជាឱ្យរួចផុតទាំងស្រុងពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលខាងមុខ៕

Share.