ក្រុមការងារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូយោធាភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចំនួន ២០រូប ដែលបានអញ្ជើញមកទស្សនា និងសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីសមុច្ច័យប្រវត្តិសាស្ត្រក្នុងសារមន្ទីរខេត្ត ព្រមទាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ ស្តីពីរូបថតព័ត៌មានវត្ថុសិល្បៈខ្មែរ ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងត្រូវទាមទារបានត្រឡប់មកវិញ។

ការអញ្ជើញចូលរួមទស្សនារបស់ប្រតិភូយោធានាពេលនេះ មិនត្រឹមតែជាការស្វែងយល់អំពីតម្លៃមរតកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ស្កឹមស្កៃរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធ ក្នុងការស្វែងយល់ និងរួមគ្ន ការពារ អភិរក្សបេតិកភណ្ឌជាតិឱ្យបានគង់វង្ស។

ពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍នេះ ត្រូវបានរៀបចំឡើងនៅបរិវេណសួនឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយបានបើកទូលាយជូនសាធារណជនចូលរួមទស្សនាដោយសេរី។ ព្រឹត្តិការណ៍នេះ មានគោលបំណងចម្បងក្នុងការបំផុសស្មារតីស្នេហាជាតិ ដាស់តឿនការយល់ដឹងអំពីដំណើរការតស៊ូមតិក្នុងការនាំយករតនវត្ថុបុរាណដែលបាត់បង់កន្លងមកត្រឡប់មកមាតុភូមិវិញ និងការរួមគ្នារក្សាការពារសម្បត្តិវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ដូនតាខ្មែរ៕

Share.