ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាប្រឈមដ៏សំខាន់ ខណៈតួលេខក្នុងរយៈពេល៧ខែ១៥ថ្ងៃ ឆ្នាំ២០២៦ បង្ហាញថា ចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករងរបួស បានកើនឡើងគួរឱ្យព្រួយបារម្ភ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។






ដើម្បីទប់ស្កាត់បញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យកម្លាំងនគរបាលបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ជាពិសេសនៅពេលរាត្រី ដែលជាពេលមានហានិភ័យកើតមានគ្រោះថ្នាក់ច្រើន។ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការអនុវត្ត និងរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។





ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងច្បាប់ ត្រូវដើរទន្ទឹមគ្នាជាមួយការអប់រំ និងផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីច្បាប់ និងមានស្មារតីគោរពច្បាប់ដោយស្ម័គ្រចិត្ត មិនមែនគោរពច្បាប់ដោយសារភ័យខ្លាចនគរបាលនោះទេ។
ឯកឧត្តមក៏បានណែនាំឱ្យកម្លាំងនគរបាលអនុវត្តច្បាប់ប្រើប្រាស់ពាក្យសម្តី និងកាយវិការឱ្យបានសមរម្យ ដោយមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ និងត្រូវកំណត់បទល្មើសឱ្យបានច្បាស់លាស់ ស្របតាមច្បាប់។




ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនអាចពឹងផ្អែកតែលើកម្លាំងនគរបាលបានឡើយ ព្រោះមិនអាចមាននគរបាលឈររឹតបន្តឹងគ្រប់គោលដៅ និងគ្រប់ពេលវេលា ២៤ម៉ោងបានទេ។
ដូច្នេះ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវចូលរួមបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ជាចម្បង។តាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៧ខែ១៥ថ្ងៃ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១,៥៩០លើក កើនឡើង ២៣៧លើក បើធៀបនឹងឆ្នាំ២០២៥។គ្រោះថ្នាក់ទាំងនេះបានបណ្តាលឱ្យមនុស្ស ៩៨៦នាក់ស្លាប់ កើនឡើង ១០៩នាក់ និង ២,៣០២នាក់រងរបួស កើនឡើង ៤៣០នាក់។






ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលរាជធានី-ខេត្ត ឱ្យចាត់ទុកការងារសុវត្ថិភាពចរាចរណ៍ជាអាទិភាព ដោយផ្តោតលើការរឹតបន្តឹងច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់ផ្លូវ ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា៕
