រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសរំលេចសារយ៉ាងសំខាន់មួយនៅលើបណ្តាញសង្គម ដោយបានច្បិចយកខ្លឹមសារនៃអត្ថបទស៊ើបអង្កេតដ៏វែងមួយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះ The Diplomat ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

អត្ថបទស៊ើបអង្កេតរបស់សមាសភាគអ្នកសារព័ត៌មានអន្តរជាតិ Lindsey Kennedy និង Nathan Paul Southern បានទម្លាយសក្ខីកម្ម និងភស្តុតាងនៅលើដីយ៉ាងច្បាស់ក្រឡែត ដែលជាការទះកំផ្លៀងយ៉ាងធ្ងន់ទៅលើការអះអាងរបស់យោធាថៃ ដែលតែងតែនិយាយថា ប្រតិបត្តិការយោធារបស់ខ្លួន «ត្រូវបានដឹកនាំយ៉ាងតឹងរ៉ឹងលើតែគោលដៅយោធា»។

តាមរយៈការចុះផ្ទាល់ដល់ទីតាំងកើតហេតុនៅតំបន់ជាំ អូរស្មាច់ និងថ្មដា អ្នកសារព័ត៌មានអន្តរជាតិបានប្រមូលសក្ខីកម្ម និងភស្តុតាងសំខាន់ៗចំនួន ៣ចំណុច ដែលបញ្ជាក់ថា ថៃបានប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើទឹកដី និងជីវិតមនុស្សស៊ីវិលនៅកម្ពុជា៖

ទី១. សក្ខីកម្មផ្ទាល់ថា គ្មានវត្តមានយោធាកម្ពុជានៅទីតាំងដែលថៃវាយប្រហារ

នៅតំបន់ជាំ ជនរងគ្រោះជាតិដើមកំណើតនីហ្សេរីយ៉ាម្នាក់ឈ្មោះ Paul ដែលជារស់រានមានជីវិតពីការវាយប្រហារ បានអះអាងថា រូបគេមិនដែលឃើញមានវត្តមានទាហាន ឬយានយោធាកម្ពុជានៅក្នុងបរិវេណអគារសណ្ឋាគារ-កាស៊ីណូដែលត្រូវបានទម្លាក់គ្រាប់បែកនោះឡើយ។ ប៉ុន្តែ ប៉ុន្មានម៉ោងមុនបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន យោធាថៃបានប្រើប្រាស់ដ្រូន និងយន្តហោះទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ បណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត។ ជនរងគ្រោះរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនដែលឃើញទាហានកម្ពុជាណាម្នាក់ទេ។ គ្មាននរណាបាញ់តបវិញទេ។ មានតែការវាយប្រហារពីយោធាថៃប៉ុណ្ណោះ»។

ទី២. ការសង្កេតផ្ទាល់ពីការវាយប្រហារលើជនស៊ីវិល និងជនរងគ្រោះជួញដូរមនុស្ស

នៅតំបន់អូរស្មាច់ អ្នកសារព័ត៌មាន The Diplomat បានទៅដល់ទីតាំងភ្លាមៗក្រោយការវាយប្រហារតាមអាកាស ហើយបានឃើញអគារដែលមានមនុស្សរស់នៅ និងមានជនរងគ្រោះពីការជួញដូរមនុស្សជាច្រើនកំពុងត្រូវភ្លើងឆេះ។ អ្នកសារព័ត៌មានបានបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ពួកគេបានឃើញដ្រូនថៃហោះឃ្លាំមើលតំបន់ទាំងនេះជាប្រចាំ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថា អគារស៊ីវិលទាំងនោះត្រូវបានប្រើជាមូលដ្ឋានយោធាកម្ពុជា ដូចការចោទប្រកាន់របស់ថៃឡើយ។

ទី៣. ការរំលោភបំពានកាន់កាប់ទឹកដីកម្ពុជា និងការបាញ់ប្រហារលើគណៈប្រតិភូអន្តរជាតិ

អត្ថបទស៊ើបអង្កេតក៏បានលាតត្រដាងអំពីការបង្កើត «ស្ថានភាពជាក់ស្តែងនៅលើដី» ដោយឯកតោភាគីពីសំណាក់យោធាថៃ តាមរយៈការដាក់ជញ្ជាំងកុងតឺន័រ របាំងផ្លូវ និងការបោះទីតាំងឈរជើងយោធាថៃនៅលើទឹកដីកម្ពុជា ដូចជានៅតំបន់ថ្មដា និងអូរស្មាច់។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅពេលអ្នកសារព័ត៌មានព្យាយាមចូលពិនិត្យទីតាំង យោធាថៃបានបាញ់ប្រហារព្រមាន ហើយមិនដល់ ១២ម៉ោងផង ទាហានថៃបានបើកការបាញ់ប្រហារម្តងទៀត ចំពេលដែលគណៈប្រតិភូអន្តរជាតិ រួមមានមន្ត្រីការទូត និងអនុព័ន្ធយោធាកំពុងចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែន។

ទិន្នន័យ និងសក្ខីកម្មដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Diplomat នាពេលនេះ គឺជាភស្តុតាងដែលមិនអាចបដិសេធបាន និងបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរចំពោះការទទួលខុសត្រូវរបស់យោធាថៃ។ ការយកលេសបង្ក្រាបបទល្មើស ឬវាយប្រហារគោលដៅយោធា ដើម្បីមកបិទបាំងទង្វើបាញ់ប្រហារលើជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការទន្ទ្រានកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជា គឺជាអំពើដែលទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់បំផុតចំពោះមុខច្បាប់អន្តរជាតិ៕

Share.