កុលកាតា៖ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

លោក Anuj Sharma នាយកសេវាកម្មពន្លត់អគ្គិភ័យប្រចាំរដ្ឋ West Bengal បានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា៖ «មនុស្ស ៩ នាក់បានស្លាប់ រួមទាំងកុមារម្នាក់ផងដែរ នៅក្នុងហេតុការណ៍អគ្គិភ័យដែលបានឆាបឆេះឡើងកាលពីវេលាម៉ោង ១:៤៥នាទីព្រឹកថ្ងៃពុធនេះ»។ លោក បានបន្ដថា ផ្សែងយ៉ាងក្រាស់បានហុយឡើងពេញសណ្ឋាគារ ហើយជនរងគ្រោះមួយចំនួនត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹក។ លោកថា មនុស្ស ៩នាក់ ដែលក្នុងនោះមានបុរស ៦នាក់ ស្ត្រី ២នាក់ និងកុមារម្នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមព័ត៌មានបឋមបានបង្ហាញថា នៅពេលអគ្គិភ័យចាប់ផ្តើមឆាបឆេះ មានភ្ញៀវសរុបចំនួន ៦០នាក់កំពុងស្នាក់នៅក្នុងសណ្ឋាគារនោះ ហើយការផ្ទុះម៉ាស៊ីនត្រជាក់នៅក្នុងសណ្ឋាគារមួយនេះ អាចជាមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះឡើង។

ទន្ទឹមនោះលោក Santosh Pathak សមាជិកបក្សកាន់អំណាចនៃរដ្ឋ West Bengal បានឱ្យដឹងថា ជនរងគ្រោះមួយចំនួនហាក់ដូចជាពលរដ្ឋបង់ក្លាដែស ដែលបានធ្វើដំណើរមកកាន់ក្រុង Kolkata ដើម្បីព្យាបាលជំងឺ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងកំពុងព្យាយាមផ្ទៀងផ្ទាត់សញ្ជាតិនៃជនរងគ្រោះទាំងនោះ»។

គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះអគារ តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារតែកង្វះខាតឧបករណ៍ពន្លត់អគ្គិភ័យ និងការមើលរំលងបទប្បញ្ញត្តិស្ដង់ដារសុវត្ថិភាព៕

ប្រភព៖ Arab News

Share.