ស្ថិតក្នុងបរិការណ៍ដែលប្រជាពលរដ្ឋធ្វើពហិការមិនប្រើប្រាស់ទំនិញបរទេស ហើយផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រទំនិញក្នុងស្រុកជាអាទិភាពនោះ ត្រូវបានគេមើលឃើញថា គឺជា «ឱកាសមាស» សម្រាប់ម្ចាស់សហគ្រាសក្នុងការពង្រីកការផលិតរបស់ខ្លួនឱ្យកាន់តែធំ និងកាន់តែច្រើន ដើម្បីចូលទៅជំនួសទំនិញនាំចូលដែលកំពុងអវត្តមានលើទីផ្សារ។ ជាមួយគ្នានេះ វាក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្មថ្មីៗ ក្នុងការបង្កើតសហគ្រាសផលិតទំនិញផ្សេងៗដើម្បីបំពេញតម្រូវការទីផ្សារផងដែរ។

សម្រាប់ លោក តាំង សុជាតិ ម្ចាស់ក្រុមហ៊ុនកែច្នៃក្រដាសអនាម័យ និងចានក្រដាសកាកអំពៅ MG Pacific ដែលមានអាយុជាង ១២ឆ្នាំ ហើយនោះ លោកក៏មើលឃើញថា អំឡុងពេលនេះគឺជាឱកាសដ៏ល្អប្រសើរ ប៉ុន្តែរូបលោកមិនទាន់អាចឈោងចាប់យកបាននៅឡើយទេ។ មិនអាចចាប់យកឱកាសនេះបាន ដោយសារ «ដៃជើងនៅខ្លី» និងខ្វះកត្តាជំរុញគ្រប់គ្រាន់។ លោកបានពន្យល់ថា លោកកំពុងជួបប្រទះនូវឧបសគ្គធំៗចំនួនពីរ៖ ទី១ ក្រុមហ៊ុនរបស់លោកកំពុងជំពាក់បំណុលពន្ធដាវណ្ឌក រហូតរាប់សិបម៉ឺនដុល្លារ និងទី២ ខ្វះដើមទុនក្នុងការពង្រីកផលិតកម្ម ខណៈឥណទានធនាគារពាណិជ្ជមានអត្រាការប្រាក់ខ្ពស់ពេក មិនអាចឱ្យអាជីវកម្មទទួលបានប្រាក់ចំណេញឡើយ។

លោក តាំង សុជាតិ បានលើកឡើងថា ដើមចោទនៃបញ្ហានេះកើតចេញពីការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្មុគស្មាញកាលពី ១០ ឆ្នាំមុន។ ដោយសារសហគ្រាសរបស់លោកមានខ្នាតតូច មិនទាន់មានលទ្ធភាពបំពេញតាមលក្ខខណ្ឌតម្រូវ និងការកំណត់ឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ទើបបណ្តាលឱ្យមានការប្រឈមផ្នែកពន្ធដារមកដល់បច្ចុប្បន្ន។

លោកបានបន្តពន្យល់ថា៖ «អតិថិជន និងអ្នកផ្គត់ផ្គង់មួយចំនួនធំចង់រក្សា “ការសម្ងាត់ពាណិជ្ជកម្ម” ដោយមិនស្ម័គ្រចិត្តផ្តល់ព័ត៌មាន ឬអត្តសញ្ញាណពន្ធដារឡើយ។ កត្តានេះធ្វើឱ្យក្រុមហ៊ុនខ្វះខាតឯកសារស្របច្បាប់រឹងមាំសម្រាប់បញ្ជាក់ប្រាប់អាជ្ញាធរពន្ធដារ ហើយឈានទៅដល់ការប្រកាសកំណត់ពន្ធជាឯកតោភាគីពីខាងមន្ត្រី»។

ម្ចាស់សហគ្រាសរូបនេះបានគូសបញ្ជាក់បន្ថែមថា ការវាយតម្លៃឱ្យលោកបង់ពន្ធបន្ថែមរាប់សិបម៉ឺនដុល្លារនោះ គឺមិនស្របទៅនឹងទំហំអាជីវកម្ម និងការលក់ជាក់ស្តែងឡើយប្រសិនបើសហគ្រាសមានប្រាក់ចំណេញរហូតដល់កម្រិតដែលពន្ធដារបានប្រកាសមែននោះ ទំហំនៃការលក់ និងការដឹកជញ្ជូនផលិតផលត្រូវមានរហូតដល់ ៥០ ទូកុងតែន័រក្នុងមួយខែ ដែលវាជាតួលេខមិនអាចទៅរួចសម្រាប់សហគ្រាសដែលមានបុគ្គលិកត្រឹម ១៦ នាក់នោះទេ។

ពាក់ព័ន្ធនឹងឥណទានសម្រាប់ពង្រីកផលិតកម្មនេះ លោក សុជាតិ បានសម្លឹងឃើញធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបត្រឹមប្រមាណ ៥% ប៉ុន្តែដោយសារលក្ខខណ្ឌដ៏តឹងរ៉ឹង ទើបធ្វើឱ្យលោកមិនអាចទទួលបានកម្ចីនេះបាន។

ពាក់ព័ន្ធនឹងការទទួលបានប្រភពដើមទុន ម្ចាស់ក្រុមហ៊ុន MG Pacific រូបនេះបានសម្តែងការសោកស្តាយចំពោះយន្តការគាំទ្ររបស់ធនាគារ SME ដែលលោកមើលឃើញថា នៅតែមានលក្ខខណ្ឌតឹងរ៉ឹង និងមិនទាន់ឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់សហគ្រាសធុនតូច។

លោក តាំង សុជាតិ បានបញ្ជាក់ថា លោកធ្លាប់បានដាក់ពាក្យស្នើសុំឥណទានចំនួន ២ លើក (ក្នុងឆ្នាំ ២០១៩ និង ២០២៤) ប៉ុន្តែត្រូវបានបដិសេធ ដោយសារក្រុមហ៊ុនមានកម្ចីចាស់ និងបានដាក់បញ្ចាំទ្រព្យសកម្មនៅធនាគារពាណិជ្ជរួចទៅហើយជាមួយគ្នានេះ ធនាគារ SME មិនអាចទូទាត់ផ្តាច់បំណុលចាស់ឱ្យបាន ដោយសារបារម្ភពី “វិបត្តិផលប្រយោជន៍ជាន់គ្នា” (Conflict of Interest) ជាមួយធនាគារពាណិជ្ជ។

លោកបានលើកជាសំណូមពរថា៖ «ប្រសិនបើចង់ជួយសហគ្រាសធុនតូចឱ្យចំគោលដៅពិតប្រាកដ រដ្ឋាភិបាល ឬធនាគារ SME គួរតែមានយន្តការទម្លាក់ទុន ឬសម្របសម្រួលអត្រាការប្រាក់ទាបតាមរយៈធនាគារពាណិជ្ជដែលសហគ្រាសកំពុងជំពាក់ស្រាប់ការធ្វើបែបនេះ នឹងជួយកាត់បន្ថយបបន្ទុកការប្រាក់ និងបង្កើនដើមទុនបង្វិលសម្រាប់ពង្រីកការផលិតបានភ្លាមៗ»

ទោះជាយ៉ាងណាក៏ដោយ លោក តាំង សុជាតិ ដែលមានបទពិសោធន៍បង្កើត និងគ្រប់គ្រងសហគ្រាសធុនតូចជាង ១២ឆ្នាំមកនេះ នៅតែបង្ហាញទស្សនៈសុទិដ្ឋិនិយមចំពោះឱកាសនេះ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កបរិយាកាសល្អប្រសើរសម្រាប់អាជីវកម្មធុនមីក្រូ និងធុនតូច ដែលជាប្រភេទអាជីវកម្មអាចចាប់ផ្តើមបានក្នុងរយៈពេលខ្លី មានខ្សែច្រវាក់ផលិតកម្មរហ័ស និងបត់បែនបានលឿន ជាពិសេសសហគ្រាសកែច្នៃអាហារ ផលិតផលកសិកម្ម និងសិប្បកម្មជាដើម ក្នុងការចាប់យកឱកាសនេះដើម្បីចាប់ផ្តើម និងពង្រីកផលិតកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន៕

Share.