ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានណែនាំដល់សាធារណជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការសុខាភិបាលជាចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយពេលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេ។

នៅក្នុងសេចក្តីណែនាំដែលបានចេញផ្សាយនាពេលនេះ ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់លើវិធានការការពារមុនពេល និងអំឡុងពេលទឹកជំនន់ ដោយតម្រូវឱ្យពលរដ្ឋរៀបចំស្បៀងអាហារ ទឹកស្អាត និងឱសថសង្គ្រោះបន្ទាន់ ព្រមទាំងការពារកុមារពីកន្លែងទឹកជ្រៅ។ ជាមួយគ្នានេះ ពលរដ្ឋត្រូវជៀសវាងការប៉ះពាល់ឧបករណ៍អគ្គិសនីពេលដៃសើម ឬឈរក្នុងទឹក អនុវត្តការគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើស្ត្រីមានផ្ទៃពោះ មនុស្សចាស់ កុមារ និងជនពិការ។ ចំពោះការធ្វើដំណើរតាមទូក ឬកាណូត ត្រូវពាក់អាវពោងសុវត្ថិភាព និងមិនត្រូវផ្ទុកមនុស្សហួសកម្រិតឡើយ។

បន្ថែមពីនេះ ក្រសួងបានក្រើនរំលឹកអំពីការរក្សាអនាម័យចំណីអាហារ និងទឹកបំពាក់ដោយការហូបស្អាត ផឹកស្អាត ដោយប្រើប្រាស់ទឹកដាំពុះ ឬប្រើប្រាស់ថ្នាំសម្លាប់មេរោគ (ក្លរ៉ាមីន B) ឱ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់ ដើម្បីចៀសវាងជំងឺរាគរូស និងពុលចំណីអាហារ។ ចំពោះករណីសត្វអាសិរពិសខាំ ឬមានបញ្ហាសុខភាពបន្ទាន់ ពលរដ្ឋត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬអាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕

Share.