បាងកក៖ ករណីចាប់ជំរិតស្ត្រីជនជាតិចិនម្នាក់នៅប្រទេសថៃ ដែលរូបនាងបានប្រថុយជីវិតរត់គេចខ្លួនដោយជោគជ័យនោះ បានស្តែងឱ្យឃើញកាន់តែច្បាស់ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រព័ន្ធសន្តិសុខក្នុងប្រទេសថៃ និងបានបង្កើតជាកង្វល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ជាពិសេសជុំវិញសុវត្ថិភាពរបស់ជនបរទេស និងទេសចរក្នុងប្រទេស។


យោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួរ ស្ថានទូតចិនប្រចាំប្រទេសថៃបានបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវបានផ្តល់កន្លែងស្នាក់នៅសមរម្យ និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលថៃក្នុងដំណើរការស៊ើបអង្កេត។ ស្ថានទូតបានបន្ថែមថា ខ្លួនកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ខណៈវិធានការផ្លូវច្បាប់កំពុងបន្ត។
ផ្អែកតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ត្រីរងគ្រោះបានឆ្លៀតឱកាសរត់គេចខ្លួន នៅពេលដែលក្រុមឧក្រិដ្ឋជនកំពុងបញ្ជូននាងសំដៅទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ បើទោះបីជានគរបាលថៃ បានលូកដៃអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ក៏ដោយ ប៉ុន្តែហេតុការណ៍ដែលក្រុមចាប់ជម្រិតអាចដឹកបញ្ជូនជនរងគ្រោះឆ្លងកាត់ទីក្រុង រហូតជិតដល់ព្រំដែនដែនដីគោកបានដោយរលូនបែបនេះ បានចោទជាសំនួរយ៉ាងធ្ងន់ធ្ងរចំពោះប្រសិទ្ធភាពនៃការល្បាត និងប្រព័ន្ធសន្តិសុខរបស់អាជ្ញាធរថៃ។


ករណីនេះបានក្លាយជាប្រធានបទក្តៅដែលរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ដោយសារវាមិនមែនជាលើកទី១ទេ ដែលបណ្តាញឧក្រិដ្ឋជនឆ្លងដែន ប្រើប្រាស់ទឹកដីថៃធ្វើជាផ្លូវឆ្លងកាត់សម្រាប់អំពើចាប់ជំរិត និងជួញដូរមនុស្សទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគ និងសាធារណជនបានសម្តែងការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរថៃ នៅតែបន្តមានចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបែបនេះ វានឹងបំផ្លាញទំនុកចិត្តរបស់ទេសចរបរទេស និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ៕
