លោកស្រី Baroness Winterton រដ្ឋមន្ត្រីប្រ៊ីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចុះជួបផ្ទាល់ជាមួយសហគមន៍រងផលប៉ះពាល់ដោយសារភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការគាំទ្រដល់ការសិក្សារបស់កុមារក្នុងតំបន់ជម្លោះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Baroness Winterton បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា «ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះ និងភាពមិនប្រាកដប្រជានៃសង្គ្រាមយ៉ាងណាក៏ដោយ កុមារភាព និងការអប់រំរបស់កុមារត្រូវតែបន្តដោយមិនអាចរអាក់រអួលឡើយ។» លោកស្រីបានពិនិត្យមើលកម្មវិធីអប់រំដែលគាំទ្រដោយប្រ៊ីតថេន ព្រមទាំងបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយកុមារ និងគ្រួសាររងគ្រោះ ដើម្បីវាយតម្លៃពីប្រសិទ្ធភាពនៃការជំនួយ និងតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីប្រ៊ីតថេន និងអាជ្ញាធរដែនដី ក្នុងគោលបំណងធានាថាកុមារគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម មាន ចាន់យ៉ាដា បាបលើកឡើងថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។
លោកស្រី Baroness Winterton បញ្ជាក់ថា ក្នុងគ្រាលំបាក ការចុះជួប និងស្តាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារៈសំខាន់។ ភាពជាដៃគូ និងកិច្ចសន្ទនាក៏មានសារៈសំខាន់ផងដែរ។ ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា។
អភិបាលខេត្តឧត្តរមានជ័យ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕
