ភាគីថៃកំពុងបង្កសកម្មភាពញុះញង់យ៉ាងខ្លាំងក្លា តាមរយៈការចុះផ្សាយព័ត៌មានមិនពិត និងប្រឌិតរឿងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួនធំ ជុំវិញដំណើរទស្សនកិច្ចរបស់លោក អនុទិន ឆានវីរៈកុល នាយករដ្ឋមន្ត្រីរបស់ថៃ នៅតំបន់ច្រកអានសេះខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ ត្រូវបានភាគីកម្ពុជាចេញដីកាតាមចាប់។ ករណីនេះត្រូវបានអ្នកតាមដានព្រឹត្តិការណ៍ព្រំដែនកម្ពុជា-ថៃ និងមជ្ឈដ្ឋានទូទៅចោទសួរសំណួរយ៉ាងធ្ងន់ធ្ងរថា៖ «តើវិជ្ជាជីវៈសារព័ត៌មានថៃនៅត្រង់ណា?» និង«ហេតុអ្វីបានជាភាគីថៃតែងតែរំលោភលើសេចក្ដីព្រមព្រៀងរួម បង្កើតព័ត៌មានក្លែងក្លាយបង្កឱ្យមានភាពភ័ន្តច្រលំរហូតមក?»។

សារព័ត៌មានថៃបានចុះផ្សាយយ៉ាងព្រោងព្រាតថា ភាគីកម្ពុជាត្រៀមចេញដីកាតាមចាប់ខ្លួនលោក អនុទិន ពីបទរំលោភបំពានដែនអធិបតេយ្យភាព ស្របពេលដែលលោក អនុទិន បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានទាំងហួសចិត្ត និងលេងសើចថា «មែនឬ?» ដោយអះអាងថា រូបលោកធ្វើតាមច្បាប់ និងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ។
មែនទែនទៅ ភាគីកម្ពុជាបានសេចក្ដីថ្លែងការណ៍ប្រឆាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ អនុទិន និងប្រកបដោយចេតនាបង្កហេតុរបស់នាយករដ្ឋមន្ត្រីថៃរូបនេះ ចូលមកកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដែលទង្វើរបស់ប្រមុខរដ្ឋាភិបាលថៃរូបនេះ ត្រូវគេមើលឃើញថា គឺជាការប៉ុនប៉ងដោយចេតនាក្នុងការអះអាងពីការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃបើកការទន្ទ្រានកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំមុន។
ទោះជាយ៉ាងណា ការលើកឡើង និងការបង្កើតជំពូកព័ត៌មានប្រឌិតគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ត្រូវគេមើលឃើញថាជាលេសអូសទាញអារម្មណ៍សាធារណជន និងជាល្បិចកលនយោបាយបង្វែរដាន ដើម្បីបិទបាំងភាពបរាជ័យ ក៏ដូចជាភាពចលាចលយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតមានឡើងនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃប៉ុណ្ណោះ។ អ្នកតាមដានព្រឹត្តិការណ៍មើលឃើញថា ការផ្សាយថា កម្ពុជាចេញដីកាចាប់ខ្លួនមេដឹកនាំថៃ គឺជាការបំប៉ោងសភាពការណ៍ និងជាព័ត៌មានគ្មានប្រភពច្បាស់លាស់ឡើយ ក្នុងគោលបំណងដុតកំហឹងជាតិនិយមថៃឱ្យឆាបឆេះ ដើម្បីផលប្រយោជន៍នយោបាយក្នុងស្រុក។

ស្ថានការណ៍អសន្តិសុខ ការផ្ទុះអាវុធ និងភាពចលាចលនៅខេត្តភាគខាងត្បូងប្រទេសថៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលថៃ។ ដូច្នេះ ការបង្កើតសេណារីយ៉ូបង្កើនកំដៅជម្លោះព្រំដែនជាមួយកម្ពុជាគឺជាឧបករណ៍បង្វែរការយកចិត្តទុកដាក់របស់ប្រជាជនថៃ ឱ្យភ្លេចពីវិបត្តិផ្ទៃក្នុងដ៏ក្តៅគគុកទាំងនោះ។ មួយវិញទៀត ល្បិតកលបង្វែដានរបស់ថៃមួយនេះ ក៏កំពុងបំប៉ោងសភាពការណ៍ឱ្យពលរដ្ឋថៃភ្លេចបន្ទោសរដ្ឋាភិបាលថៃដែលកំពុងតែជាប់គាំងដោះស្រាយបញ្ហាទឹកជំនន់នៅតំបន់ភាគខាងជើង ភាគខាងកណ្ដាល និងភាគខាងកើតផងដែរ។
ដូច្នេះការដែលមេដឹកនាំថៃចុះត្រួតពិនិត្យនៅតំបន់ព្រំដែន ជាពិសេសតំបន់អានសេះ ដែលជាទីតាំងជម្លោះកន្លងទៅនោះ គឺជាសកម្មភាពផ្ទុយកិច្ចព្រមព្រៀងសន្តិភាព រំលោភលើស្មារតីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។ ការប្រឌិតព័ត៌មានវាយប្រហារលើកម្ពុជាដោយគ្មានភស្តុតាង និងគ្មានវិជ្ជាជីវៈពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយថៃបែបនេះ មិនត្រឹមតែស្តែងឱ្យឃើញពីភាពទាល់ច្រកផ្នែកនយោបាយផ្ទៃក្នុងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទំនុកចិត្ត និងទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរយ៉ាងធ្ងន់ធ្ងរទៀតផង៕
