សៀមរាប៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារទុស្សេចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះចាក់សោទុកចោល និងចេញទៅលក់ដូរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ផ្ទះដែលរងគ្រោះជាផ្ទះឈើប្រក់ក្បឿង មានទំហំប្រមាណ ៦ម៉ែត្រ × ៧ម៉ែត្រ។ នៅពេលកើតហេតុ ម្ចាស់ផ្ទះមិននៅ ដោយបានចាក់សោទុក និងចេញទៅប្រកបរបរលក់ដូរ។

ក្រោយទទួលដំណឹង កម្លាំងអាជ្ញាធរ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង។ មុនពេលកម្លាំងសមត្ថកិច្ចមកដល់ ប្រជាពលរដ្ឋក្បែរខាងក៏បានព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក ដើម្បីទប់ស្កាត់អគ្គិភ័យផងដែរ។

ជាលទ្ធផល អគ្គិភ័យបានបំផ្លាញផ្ទះមួយខ្នង និងទ្រព្យសម្បត្តិនៅខាងក្នុងអស់ទាំងស្រុង។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចបានចាត់វិធានការទប់ស្កាត់មិនឱ្យភ្លើងរាលដាលទៅផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។

ករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងការខូចខាត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.