មន្រ្តីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោល ហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចខាងព្រលានយន្តហោះ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។

មន្ត្រីឧទ្យានុរក្សទៅដល់ទីតាំង និងធ្វើការដកបង្គោលរបងថ្ម និងឈើចំនួន ៨៧បង្គោល ដំណាំចេក២៣ដើម ដែលបានដាំលើផ្ទៃដីព្រៃ ដែលបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ចំនួន ១,៨៧ ហិកតា។ ក្រុមការងារបាននិងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ មន្រ្តីឧទ្យានរក្សក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»
បានចុះប្រតិបត្តិការបង្ក្រាប ការ កាប់ឆ្ការ រុករាន ដីព្រៃដើម្បីជាយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចខាលិចអូរគគី ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ក្រុមការងារបានរកឃើញមានបទល្មើសលួចកាប់ឆ្ការព្រៃ ទំហំប្រមាណ ០.៨០ហិកតា និងដាំដំណាំចេក ចំនួន៥ ដើម ស្វាយ ៥ដើម ឬស្សីចំនួន២០ដើម។ មន្ត្រីឧទ្យានុរក្សបានចាត់វិធានការស្របតាមនីតិវិធីច្បាប់ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បន្តបង្កើនការចុះល្បាតយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការទន្ទ្រានដីព្រៃខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីរក្សាបានទាំងការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការធ្វើសុក្រឹតកម្ម ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយត្រូវអនុវត្ត ធ្វើការទប់ស្កាត់និងការការពារ និងចាត់វិធានការច្បាប់តឹរ៉ឹងបំផុត ស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទ៖ចតុម្មុខ
