បន្ទាប់ពីនាវា USS Abraham Lincoln ចាកចេញពីប្រទេសថៃបានមួយថ្ងៃ ភ្លាមៗសារព័ត៌មានថៃបានដកស្រង់សម្ដីលោក ថាណែត ស៊ូភនសហារ៉ាំងស៊ី (Thanet Suparasahasrangsi) ប្រធានសមាគមសហព័ន្ធទេសចរណ៍ខេត្តឈុនបុរី ដែលបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះនិន្នាការនៃការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍តំបន់អាស៊ីអាគ្នេយ៍ ដោយបានគូសបញ្ជាក់ថា ប្រទេសវៀតណាមកំពុងតែដើរតួនាទីយ៉ាងសំខាន់ និងមានប្រៀបជាងប្រទេសថៃក្នុងការដណ្តើមយកទីផ្សារភ្ញៀវទេសចរបរទេស ជាពិសេសនៅក្នុងអំឡុងពេលដែលក្រុងប៉ាតាយ៉ាកំពុងស្ថិតក្នុងរដូវកាលខ្សត់ភ្ញៀវ។

លោក ថាណែត បានលើកឡើងថា ថ្វីត្បិតតែការមកដល់នៃកម្លាំងទ័ពជើងទឹកអាមេរិកប្រមាណ ៥,០០០ នាក់ ចេញពីនាវា USS Abraham Lincoln នាពេលថ្មីៗនេះ បានជួយបង្កើតចរន្តសេដ្ឋកិច្ច និងបង្កើតភាពអ៊ូអរមួយភ្លែតដល់ក្រុងប៉ាតាយ៉ាក៏ដោយ ប៉ុន្តែរូបភាពសរុបនៃឧស្សាហកម្មទេសចរណ៍ថៃនៅតែប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ កន្លងមកសារព័ត៌មានថៃមួយចំនួនក៏ធ្លាប់ផ្សព្វផ្សាយពីក្ដីបារម្ភ និងកត្តាចម្បងដែលធ្វើឱ្យប្រទេសថៃ ជាពិសេសក្រុងប៉ាតាយ៉ា បាត់បង់ប្រៀបប្រកួតប្រជែងទៅឱ្យវៀតណាម រួមមាន៖

១. ប្រទេសវៀតណាមមានផលចំណេញខ្ពស់លើកត្តាតម្លៃជីវភាពរស់នៅ និងកម្រិតតម្លៃសេវាកម្មទេសចរណ៍។ តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅវៀតណាមទាបជាងថៃរហូតដល់ ២០% ហើយបើប្រៀបធៀបតម្លៃសណ្ឋាគារកម្រិតរ៉េស៊ីដិន ឬរីសត គឺវៀតណាមមានតម្លៃទាបជាងតំបន់ទេសចរណ៍ល្បីៗរបស់ថៃដូចជាភូកេត និងប៉ាតាយ៉ា ចាប់ពី ៤៥ ដល់ ៦០ ដុល្លារអាមេរិកក្នុងមួយយប់។

២.សម្ពាធប្រាក់បាតឡើងថ្លៃជាង ៨% ធៀបនឹងដុល្លារអាមេរិក គួបផ្សំនឹងការហក់ឡើងនៃតម្លៃទំនិញប្រើប្រាស់ក្នុងស្រុក (CPI) លើផ្នែកអាហារ និងកន្លែងស្នាក់នៅប្រមាណ ១២% បានធ្វើឱ្យកញ្ចប់ទស្សនកិច្ចមកកាន់ប្រទេសថៃមានតម្លៃថ្លៃខ្ពស់ រហូតបាត់បង់ការទាក់ទាញចំពោះក្រុមភ្ញៀវទេសចរដែលមានថវិកាកម្រិតមធ្យម។

មួយវិញទៀត វៀតណាមបានទាញយកផលប្រយោជន៍ពីជើងហោះហើរតម្លៃទាប រួមទាំងការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការបន្តអភិវឌ្ឍរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិដែលធ្លាប់មកកម្សាន្តនៅប៉ាតាយ៉ា ផ្លាស់ប្តូរទិសដៅទៅកាន់ក្រុងដាណាំង ឬកោះភូកុក ជំនួសវិញ។

ប្រធានសមាគមសហព័ន្ធទេសចរណ៍ខេត្តឈុនបុរី បានគូសបញ្ជាក់ទៀតថា នាពេលសព្វថ្ងៃនេះប្រទេសវៀតណាម កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការធ្វើឱ្យភ្ញៀវទេសចរបរទេសនៅមានជម្រើសបន្ថែម។ ក្រោមសភាពការណ៍បែបនេះ ទីក្រុងប៉ាតាយ៉ាហាក់ដូចជាមិនត្រូវការភាពអ៊ូអរតែក្នុងរយៈពេលខ្លីនោះទេ ប៉ាតាយ៉ាគួរតែផលិតផលទេសចរណ៍យ៉ាងសម្បូរបែប ឱ្យលើសពីរូបភាពចាស់ៗដែលមានតែកន្លែងកម្សាន្តពេលរាត្រីតែមួយមុខនោះ៕

Share.