លោក ម៉ិន អ៊ោងឡាំង មេដឹកនាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រកាសសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើយន្តការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ការប្រកាសគាំទ្ររបស់មេដឹកនាំមីយ៉ាន់ម៉ានេះ ត្រូវបានស្ដែងឱ្យដឹងដោយ ឯកឧត្តម ជា ធារិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាការងារកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្តម ជា ធារិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងឱកាសនៃជំនួបពិភាក្សាផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងពន្យល់ជម្រាបជូនលោក ម៉ិន អ៊ុងឡាំង យ៉ាងច្បាស់អំពីសាវតារ និងស្ថានការណ៍ពិតប្រាកដនៃវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នភាគីថៃបានរំលោភបំពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី និងការគោរពច្បាប់អន្តរជាតិជានិច្ច ក្នុងការដោះស្រាយបញ្ហានេះ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមពីប្រសាសន៍សម្តេចតេជោថា៖ «ទោះបីជាពេលនេះ ប្រទេសទាំងពីរស្ថិតនៅក្នុងវិវាទជាមួយគ្នា ថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់យន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិជាធំ ដែលជាគោលការណ៍ចាំបាច់… ក៏ប៉ុន្តែកម្ពុជានៅតែតវ៉ាដាច់ខាត ចំពោះការកាន់កាប់ដោយប្រើកម្លាំងនៅលើដែនអធិបតេយ្យរបស់កម្ពុជា»

ជាការឆ្លើយតប លោក ម៉ិន អ៊ុងឡាំង បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរប្រកបដោយចក្ខុវិស័យសន្តិភាព និងការអនុវត្តច្បាប់អន្តរជាតិរបស់កម្ពុជា។ មេដឹកនាំមីយ៉ាន់ម៉ារូបនេះក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាស់ព្រំដែនមួយនេះនឹងអាចឈានទៅរកការសម្របសម្រួល ដោយវិលត្រឡប់មកវិញនូវប្រក្រតីភាព ស្ថិរភាព និងសន្តិភាពពិតប្រាកដនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ផងដែរថា ទាំងកម្ពុជា និងមីយ៉ាន់ម៉ា សុទ្ធសឹងតែជាប្រទេសដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ដូចនេះការផ្លាស់ប្តូរទស្សនៈ និងការទទួលបានការគាំទ្រពីមេដឹកនាំតំបន់លើបញ្ហាអធិបតេយ្យភាព និងសន្តិសុខព្រំដែននេះ ត្រូវបានគេមើលឃើញថាជាផ្លែផ្កានយោបាយការទូតដ៏សំខាន់មួយទៀតរបស់កម្ពុជា នៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួននៅលើឆាកអន្តរជាតិ៕

Share.