ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងប្រជាពលរដ្ឋតាមសហគមន៍ បានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិចំនួន ១,២៥៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ១៥៧ករណី។ បើធៀបនឹងខែកក្កដា ឆ្នាំ២០២៦ ការចុះល្បាតថយចុះ៤លើក ខណៈបទល្មើសដែលបង្ក្រាបបានកើនឡើង១០ករណី។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានបង្ក្រាបការកាប់រានដីក្នុងតំបន់ការពារធម្មជាតិ សរុប ៤៨,៣៧ហិកតា ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ លើផ្ទៃដីសរុប ២០,៣៩ហិកតា។ បទល្មើសដែលបង្ក្រាបបាន រួមមាន បទល្មើសព្រៃឈើ ៦៧ករណី បទល្មើសសត្វព្រៃ ៤០ករណី បទល្មើសដីធ្លី ៣៣ករណី បទល្មើសនេសាទ ១៦ករណី និងបទល្មើសធនធានរ៉ែ ១ករណី។

ជាមួយគ្នានេះ ក្រុមការងារបានកសាងកំណត់ហេតុបទល្មើសចំនួន ៦៩ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៦ករណី ពាក់ព័ន្ធនឹងជនសង្ស័យសរុប ៨នាក់។ក្រសួងបរិស្ថានបានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនឹងបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនដែលប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ ព្រមទាំងបង្កើនការចុះល្បាតជាប្រចាំ ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។
ដោយឡែក ក្នុងខែសីហា ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ក៏បានបណ្ដុះបណ្ដាលតម្រង់ទិសចំនួន៣វគ្គ នៅខេត្តកោះកុង ប៉ៃលិន និងក្រចេះ ស្តីពីការកត់ត្រា និងស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដោយមានសិក្ខាកាមចូលរួមសរុប ១២៩នាក់។

អត្ថបទ÷ចតុម្មុខ
