កំពង់ចាម៖ ស្រូវប្រមាណជិត ៥០០ហិកតា នៅក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងប្រឈមនឹងបញ្ហារាំងស្ងួត និងខ្វះទឹកស្រោចស្រព ខណៈអាជ្ញាធរខេត្តកំពុងពិនិត្យលទ្ធភាពអន្តរាគមន៍ផ្គត់ផ្គង់ទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ដើម្បីវាយតម្លៃស្ថានភាព និងត្រៀមវិធានការបង្ការ កុំឱ្យផ្ទៃដីស្រូវដែលកំពុងត្រូវការទឹករងការខូចខាតកាន់តែច្រើន។

ក្នុងការចុះពិនិត្យនេះ អភិបាលខេត្តបានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់លើការបែងចែក និងបញ្ជូនទឹកទៅកាន់តំបន់ដែលកំពុងខ្វះខាតជាបន្ទាន់ ដោយផ្តោតសំខាន់លើការជួយសង្គ្រោះស្រូវដែលប្រជាកសិករបានដាំដុះរួច។

ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ សរុបប្រវែងប្រមាណ ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដី ៧៨,១៧គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការតូច-ធំចំនួន ១៩៥កន្លែង។

ប្រព័ន្ធនេះក៏មានស្ថានីយបូមទឹកទំនើប ដែលបំពាក់ម៉ូទ័រខ្នាតធំចំនួន ៧គ្រឿងក្នុងមួយកន្លែង និងមានសមត្ថភាពស្រោចស្រពផ្ទៃដីប្រមាណ ៩.០០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះលាតសន្ធឹងពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ឃុំមួយចំនួនក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ។

តាមព័ត៌មានដដែល គម្រោងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ត្រូវបានចំណាយថវិកាសរុបប្រមាណ ៣២លានដុល្លារអាមេរិក និងមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការងារកសិកម្ម និងវិស័យផ្សេងៗ ទាំងរដូវប្រាំង និងរដូវវស្សា៕

អត្ថបទ៖អាចារ្យលាក់

Share.