បាត់ដំបង៖ ដែនដីអក្សរសិល្ប៍ និងសិល្បៈវប្បធម៌ដ៏ចំណាស់នៃខេត្តបាត់ដំបង បានបន្ថែមនូវគម្របនៃអង្គចងចាំថ្មីមួយទៀត ដោយរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបើកស្បៃក្រហមសម្ពោធរូបសំណាកសិល្បការិនីរៀមច្បងជំនាន់ដើមចំនួន ៣ រូបបន្ថែមទៀត រួមមាន លោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស នៅបរិវេណ «សួនសិល្បៈ» ក្រុងបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន និងអ្នកសិល្បៈ។

សួនសិល្បៈក្រុងបាត់ដំបង គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ ឯកឧត្តម សុខ លូ ដែលត្រូវបានស្ថាបនាឡើងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច រ៉បតាមផ្លូវលេខ ១ ចាប់ពីគល់ស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ។ ការរៀបចំបង្កើតសួននេះឡើង គឺមានគោលបំណងការបណ្ដុះការចងចាំ និងរំលឹកគុណូបការៈ ដល់អតីតសិល្បករ សិល្បការិនី កវីនិពន្ធ និងអ្នកចម្រៀងជំនាន់ដើមដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងត្រូវបានតាំងបង្ហាញដើម្បីកែច្នៃលំហសាធារណៈឱ្យក្លាយជាកន្លែងគោរពវិញ្ញាណក្ខន្ធ និងរំលឹកដល់កេរ្តិ៍ឈ្មោះមាសរបស់ពួកគាត់។

កន្លងមកក៏ឃើញមានវត្តមានពិសេសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បើទោះបីជារូបលោកជាសិល្បករដែលគ្មានដើមកំណើតក្នុងខេត្តបាត់ដំបងក្ដី ប៉ុន្តែនៅក្នុងសួនសិល្បៈនេះក៏មានការតាំងបង្ហាញរូបសំណាករបស់ជានិមិត្តរូបផងដែរ។ នោះក៏ព្រោះតែបទចម្រៀងរៀបរាប់បទរបស់លោកបានរៀបរាប់បង្ហាញពីសម្រស់ខេត្តបាត់ដំបង ដែលជាកត្តាមួយបានរួមចំណែកបង្កើតភាពល្បីល្បាញយ៉ាងធំធេងដល់ដែនដីមួយនេះ។

សូមជម្រាបថា ការរៀបចំរូបសំណាកសិល្បករល្បីៗ រួមផ្សំជាមួយនឹងបរិយាកាសធម្មជាតិដងស្ទឹងសង្កែ ត្រូវបានរំពឹងថានឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើង ដើម្បីបង្កើតបានជាចំណូលសេដ្ឋកិច្ចមូលដ្ឋានបន្ថែមទៀត។

គួរជ្រាបដឹងបន្ថែមទៀតថា ពិធីបើកស្បៃក្រហមរូបសំណាកតារាចម្រៀងរៀមច្បងទាំង ៣ រូបនាពេលនេះ មិនត្រឹមតែជាការលម្អសោភណ្ឌភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សាមរតកអរូបីនៃតន្ត្រីនៃយុគសម័យមាសរបស់កម្ពុជា ឱ្យរស់រវើកឡើងវិញនៅក្នុងបេះដូងនៃក្រុងបាត់ដំបង៕

https://www.facebook.com/share/v/19RpB3EWDG/
Share.