ស្ថានប័នកំពូល និងស្ថាប័នរៀបចំការបោះឆ្នោតថៃ កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរជាថ្មីម្ដងទៀត បន្ទាប់ពីមហាជន និងក្រុមបាតុករយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក (BACC) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមានការចាត់វិធានការផ្លូវច្បាប់ប្រកបដោយតម្លាភាព លើសំណុំរឿងពុករលួយ និងការគប់គិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាដែលមានបុគ្គលពាក់ព័ន្ធរហូតដល់ ២២៩ នាក់។

យុទ្ធនាការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយអង្គការសិទ្ធិមនុស្ស iLaw ក្រោមប្រធានបទ «ប្រជាជនចាត់វិធានការ៖ ផ្តន្ទាទោសបុគ្គល ២២៩នាក់» ដោយមានការចូលរួមពីថ្នាក់ដឹកនាំនយោបាយប្រឆាំងគ្រាក់ៗ ដូចជា លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន និងលោក Parit Wacharasindhu ដើម្បីដាក់សម្ពាធយ៉ាងក្តៅគគុកលើគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ មុនពេលស្ថាប័នមួយនេះចេញសេចក្តីសម្រេចផ្លូវការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦ នេះ។

ក្រុមអ្នកតវ៉ាបានរៀបចំផ្ទាំងក្រណាត់ពណ៌ខៀវជារូបរាងលេខ «២២៩» ផ្ដួលលើដី ដើម្បីធ្វើជាសញ្ញាវាយបក និងចោទប្រកាន់ចំៗទៅលើគណបក្សភូមិចៃថៃ(Bhumjaithai) របស់លោក អនុទីន ឆានវីរៈកុល ថាជាអ្នកនៅពីក្រោយ និងទាញយកផលប្រយោជន៍ពីអំពើបន្លំជ្រើសរើសព្រឹទ្ធសភាមួយនេះ។

នៅក្នុងហេតុការណ៍នោះ ក្រុមបាតុករបានចែកចាយបណ្ណសារព័ត៌មានជាង ២,០០០ ច្បាប់ដែលទម្លាយពីល្បិចកលបន្លំការបោះឆ្នោត ព្រមទាំងប្រគំតន្ត្រីឡកឡើយ និងចំអកឱ្យភាពអសមត្ថភាព ការលម្អៀង និងអំពើពុករលួយជម្រៅជ្រៅរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃថែមទៀតផង។ ក្រុមបាតុករបានទាមទារយ៉ាងដាច់អហង្ការឱ្យតុលាការ និងសភាចាត់វិធានការលើជនសង្ស័យទាំង ២២៩ នាក់ ដោយគ្មានការលើកលែង ឬយោគយល់ដើម្បីបិទបាំងឱ្យក្រុមអ្នកមានអំណាចឡើយ។

សូមជម្រាបថា នៅក្នុងរលកបាតុកម្មដ៏ពុះកញ្ជ្រោលនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធយុត្តិធម៌ និងការគ្រប់គ្រងអំណាចរបស់ថៃ កំពុងតែរលុករលួយយ៉ាងធ្ងន់ធ្ងរ ខណៈដែលមហាជនលែងមានជំនឿចិត្តលើស្ថាប័នឯករាជ្យរបស់រដ្ឋ ហើយបានចេញមុខមកទាមទារយុត្តិធម៌ដោយផ្ទាល់នៅលើផ្លូវសាធារណៈ៕

ប្រភព៖ Khaosod English

Share.