ករណីបែកធ្លាយរឿងអាស្រូវថ្មីមួយទៀតបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ និងការផ្តល់សញ្ជាតិរបស់ប្រទេសថៃ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ដែលជាជនភៀសខ្លួនមានដីកាចាប់ខ្លួនកម្រិតអន្តរជាតិ (Interpol Red Notice) ត្រូវបានឃាត់ខ្លួននៅក្រុងប៉ាតាយ៉ា កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ ក្រោយពេលរូបគេបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណថៃក្លែងក្លាយ ដើម្បីជ្រកកោន និងបើកអាជីវកម្មយ៉ាងរលូនអស់រយៈពេលជាង ៣០ឆ្នាំ។

នគរបាលថៃបានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ Zhu Zhishan អាយុ ៦៧ឆ្នាំ ជាជនជាតិចិន ធ្លាប់ប្រើឈ្មោះក្លែងក្លាយលើអត្តសញ្ញាណប័ណ្ណថៃថា Suchat Surachai។ រូបគេត្រូវបានអាជ្ញាធរចិនតាមស្វែងរកចាប់ខ្លួនពីបទ «ឃាតកម្ម» នៅក្រុង Taizhou ខេត្ត Zhejiang ប្រទេសចិន តាំងពីឆ្នាំ១៩៩០ ហើយអង្គការ Interpol ក៏បានចេញ «ដីកាក្រហម» តាមចាប់ខ្លួនតាំងពីឆ្នាំ២០២០ មកម៉្លេះ។

ករណីនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីចន្លោះប្រហោង និងអំពើពុករលួយក្នុងប្រព័ន្ធរដ្ឋបាលថៃ ដោយសារតាមការស៊ើបអង្កេត Zhu បានភៀសខ្លួនចេញពីប្រទេសចិនចូលទៅលាក់ខ្លួននៅមីយ៉ាន់ម៉ា រួចបន្តចូលប្រទេសថៃ ហើយបានចំណាយប្រាក់សូកប៉ាន់មន្ត្រីថៃនៅស្រុក Phop Phra ខេត្ត Tak ត្រឹមតែប្រមាណ ៥០,០០០បាតប៉ុណ្ណោះ ដើម្បីទទួលបានសញ្ជាតិថៃ និងអត្តសញ្ញាណប័ណ្ណផ្លូវការ។

ក្រោយទទួលបានអត្តសញ្ញាណប័ណ្ណថៃដោយខុសច្បាប់ ជនសង្ស័យបានផ្លាស់ទៅរស់នៅក្រុងប៉ាតាយ៉ា បង្កើតគ្រួសារ និងបើកអាជីវកម្មក្នុងវិស័យទេសចរណ៍យ៉ាងសុខសាន្ត។ រូបគេឈរឈ្មោះក្នុងក្រុមហ៊ុនចំនួន៥ ដែលប្រតិបត្តិការលើសណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ ដោយមានដើមទុនចុះបញ្ជីសរុបប្រមាណ ៨៩លានបាត។ អាជីវកម្មទាំងនេះបានដំណើរការនៅក្នុងក្រុងប៉ាតាយ៉ា អស់រយៈពេលជាង ៣០ឆ្នាំ ដោយគ្មានអាជ្ញាធរថៃណាចាប់អារម្មណ៍ ឬពិនិត្យស្រាវជ្រាវឱ្យបានដិតដល់ឡើយ។

នៅក្នុងប្រតិបត្តិការឆែកឆែរផ្ទះរបស់ Zhu អាជ្ញាធរបានរកឃើញបន្ទប់សម្ងាត់ក្រោមដីមួយដែលរក្សាទុកវត្ថុបុរាណ និងវត្ថុមានតម្លៃយ៉ាងច្រើន។ ប៉ូលិសក៏បានរឹបអូសប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១១កន្លែង ដោយក្នុងនោះ ៩កន្លែងត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុន រួមទាំងរថយន្តជាង ៦គ្រឿងបន្ថែមទៀត ដែលធ្វើឱ្យតម្លៃទ្រព្យសម្បត្តិសរុបដែលត្រូវបានរឹបអូសមានរហូតដល់ប្រមាណ ៨៩.៥លានបាត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ូលិស Bang Lamung ដើម្បីចាត់ការលើសំណើបញ្ជូនខ្លួនទៅឱ្យប្រទេសចិនវិញ។ ទន្ទឹមនឹងនេះ ករណីនេះបានចោទជាសំណួរធំៗចំពោះភាពធូររលុងនៃការអនុវត្តច្បាប់ និងអំពើពុករលួយក្នុងចំណោមមន្ត្រីថៃ ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនកម្រិតអន្តរជាតិអាចទិញសញ្ជាតិ និងប្រើប្រាស់ទឹកដីថៃជាកន្លែងសម្អាតប្រាក់ រួមទាំងលាក់ខ្លួនយ៉ាងសុខសាន្តអស់ជាច្រើនទសវត្សរ៍ដោយគ្មានការកត់សម្គាល់៕

ប្រភព៖ The Thaiger

Share.