កំពង់ធ៖ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥,១៩០ ក្បាលដី ដែលមាន០៧ភូមិ រួមមានភូមិពោន ភូមិច្រនាង ភូមិត្រពាំងវែង ភូមិថ្លា ភូមិចាន់ ភូមិកន្ធំ ភូមិអង្គនាង   ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ធំ រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករសរុបជាង ៥០០នាក់ ។

លោក យូ ចាន់ឌី បានធ្វើការបង្ហាញ និងពន្យល់ណែនាំយ៉ាងលម្អិតអំពីនីតិវិធីនៃការបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី។ ការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យម្ចាស់ដី ឬអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះ ឈ្មោះប្រពន្ធ/ប្តី ទំហំដី និងព្រំប្រទល់ដីរបស់ខ្លួនឱ្យបានច្បាស់លាស់។

ប្រសិនបើមានការខុសឆ្គង ឬមានទំនាស់ព្រំប្រទល់ណាមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ា ឬស្នើសុំកែតម្រូវបានក្នុងអំឡុងពេលបិទផ្សាយនេះ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយ និងកែសម្រួលឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើដើម្បីចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនជាស្ថាពរ។

នៅក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាថាបងប្អូនទាំងអស់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីពេញសិទ្ធិគ្រប់ៗគ្នា។

លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជំនាញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី (អាជ្ញាធរភូមិ-ឃុំ) ដែលបានខិតខំប្រឹងប្រែង និងសម្រប
សម្រួលបង្កលក្ខណៈងាយស្រួលជូនបងប្អូននាពេលកន្លងមកផងដែរ។


អត្ថបទ៖ កំពង់ធំ

Share.